Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យសង្វេកណាស់! ក្មេងតូចៗប្រុសស្រីបី​នាក់លង់ទឹករណ្តៅបូមខ្សាច់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ​ ៖​ អាសូរក្មេងប្រុសស្រីតូចៗ៣នាក់ខណៈដែល​ម្ដាយឪពុកជាប់​រវល់ទៅធ្វើការ​បាននាំគ្នាទៅលេងទឹក​រណ្ដៅ​បូមខ្សាច់លង់ស្លាប់ទាំង៣នាក់
ហេតុការណ៍ភ្ញាក់ផ្អើលដរន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៨ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចការដ្ឋាន​ បូមខ្សាច់មួយកន្លែងក្បែផ្លូវ ៦០ ម៉ែត្រស្ថិតនៅក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ក្មេងតូចៗរងគ្រោះទាំង៣នាក់ដែលលង់ទឹក​ស្លាប់រួមមាន​ ៖​ ទី១/ មានឈ្មោះ​ ពុយ​ អាយុ៥​ឆ្នាំ-​ទី២/ឈ្មោះ​ អាជ្រូក​ អាយុ៤ឆ្នាំក្មេងប្រុស​ទាំង២នាក់ជាបងប្អូនបង្កើត​ -​ ទី៣​ / ឈ្មោះ​ កាតឿរ​ ភេទស្រីអាយុ៣ឆ្នាំ​ ជាប្អូនជីដូនមួយ​របស់ក្មេងប្រុសរងគ្រោះខាងលើ​ អ្នកទាំង៣​នាក់​រស់នៅផ្ទះសំណង់មិនរាបរយ​ ស្ថិតក្នុង​ភូមិ​ព្រែកតានូ​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមសម្តីប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា​ នៅថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះបានចេញ​ទៅធ្វើការ សំណង់​ ឯម្ដាយទៅលក់បន្លែនៅមុខរោងចក្រ សល់តែក្មេងតូចៗបីនាក់បងប្អូនជីដូនមួយនៅផ្ទះជាមួយនឹងបងៗតែមិនដឹងថា​ ក្មេងរងគ្រោះដើរទៅ​លេង នៅ​ទីណានោះទេ។ ដោយបាត់នៅ​វេលាម៉ោង៥និង៣០នាទី ល្ងាចពេលដែលឪពុកម្ដាយត្រឡប់មកពីលក់ដូរនិងធ្វើការវិញក៏បានដើររកកូនតែមិនឃើញក៏ស្រាប់តែមានអ្នកដែលធ្វើការ នៅកន្លែងបូមខ្សាច់បានរត់​មកប្រាប់ថា​ មានក្មេង ៣នាក់ លង់ទឹកស្លាប់ ក៏នាំគ្នារត់ទៅមើលឃើញកូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយនៅលើមាត់​រណ្តៅដីខ្សាច់ដែល មានទឹកដក់នៅទីនោះ។

បើតាមសម្ដីអ្នកដែលធ្វើការនៅកន្លែងបូមខ្សាច់នោះបាន ប្រាប់ឲ្យដឹងថា​ ដំបូងឡើយគាត់ឃើញក្មេងតូចៗមកលេងក្បែរដីខ្សាច់ដែលមានរណ្តៅទឹកដក់គាត់ក៏បាន​ដេញដែល​ ហើយគាត់ស្មានថាក្មេងទាំងបីនាក់នេះទៅបាត់ហើយគាត់ក៏បានចេញពីកន្លែងបូមខ្សាច់ ទៅក្រៅទិញអីវ៉ាន់​ លុះពេលត្រឡប់​មកវិញក៏ឃើញក្មេងទាំងនោះស្លាប់អណ្ដែត​នៅលើដីខ្សាច់នេះបាត់ទៅហើយ។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋា​ន​និងសមត្ថកិច្ចជំនាញ​ក៏បានចុះមកដល់កន្លែងកើតហេតុ​ ពិនិត្យនិងធ្វើកោសល្យវិច័យ​ រួច​បានធ្វើកំណត់ហេតុប្រគល់សពអោយ​ទៅ​ឪពុកម្ដាយនិងក្រុមគ្រួសារដឹកតាមរទេះយក​ទៅវត្តធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ