Sunday, May 12, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចូលរួមប្រឆាំងមេរោគ កូវីដ១៩ ទាំងកម្លាំងកាយ ស្មារតី និងសម្ភារៈថវិកា

(ភ្នំពេញ) ៖ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រកាសថា ជំងឺឆ្លង កូវីដ១៩ គឺជាជំងឺ ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានគេរកឃើញដំបូង នៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវបានគេដាក់ឈ្មោះពេញថា ជំងឺវីរុសកូរ៉ូណា ឆ្នាំ២០១៩ (ហៅកាត់ COVID-19) ដែលបានមកពីពាក្យ ៖
– “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា)
– “VI” តំណាងឱ្យពាក្យ virus (វីរុស)
– “D” តំណាងឱ្យពាក្យ disease (ប្រែថាជំងឺ) និង
– លេខ ១៩ តំណាងឱ្យឆ្នាំ២០១៩ ជាឆ្នាំដែលវីរុសនេះចាប់ផ្តើមផ្ទុះឡើងដំបូង
វីរុសនេះ ត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នក ដែលបានឆ្លងវីរុស (តាមរយៈការក្អកនិងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានា ដែលមានវីរុស។
គិតមកត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺ ដែលបានឆ្លងមេរោគកូវីដ១៩ ទូទាំងប្រទេសកម្ពុជា មាន ១២២នាក់ ត្រូវបានព្យាបាល ឲ្យជាសះស្បើយចំនួន ១១៩នាក់ និងនៅសល់អ្នកកំពុងព្យាបាលចំនួនតែ ០៣នាក់ប៉ុណ្ណោះ។
បើទោះបីជាយ៉ាងនេះក្ដី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដដែល ដោយក្នុងនោះ សម្ដេច បានសរសេរ នៅក្នុងផេកហ្វេកប៊ុកផ្លូវការរបស់សម្ដេចថា ” រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាពដែលជា អាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំង កម្ចាត់ជំងឺឆ្លងកូវីដ១៩។ សូមយកជាប់តាមខ្លួនរាល់ពេលធ្វើដំណើរ នូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគនិងបាក់តេរីផ្សេងៗ។
បងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់ របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបាន ប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។
យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច”។
ព្រសមជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋ ហាក់ដូចជាចេញមកប្រកបរបរ តាមជីវភាព របស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានានៅតែមានសុពលភាព នៅតែដាក់ចេញឱ្យអនុវត្តជាធរមាននៅឡើយទេ ដោយសារស្ថានភាពរបស់យើងស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ទោះបីជាយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មី វីរុសកូវីដ១៩ ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន» «យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»។
ដោយឡែក អាវុធហត្ថរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការ បានបដិបត្តិយ៉ាងហ្មត់ចត់ តាមការណែនាំរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល ក៏ដូចជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, និងបាន ម្ចាស់ការ ចូលរួម បង្កា ទប់ស្កាត់ និងប្រឆាំង មេរោគ កូវីដ១៩នេះ តាមគ្រប់មធ្យោបាយ តាំងតែពីពេលចាប់ផ្តើម មានករណីឆ្លងដំបូងមក ដូចជា៖
– បានផ្សព្វផ្សាយ ការណែនាំរបស់ក្រសួងសុខាភិបាល ដល់កម្លាំងអាវុធហត្ថក្រោមឱវាទ និង ចូលរួមផ្សព្វផ្សាយជូនដល់ ប្រជាជន មហាជន គ្រប់ភូមិសង្កាត់ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
– ត្រៀមបម្រុងនូវសម្ភារៈរក្សាអនាម័យនិងស្បៀងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងអង្គភាពរយៈពេលវែង និងបានបែងចែក ដល់បណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌ ទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋដែលខ្វះខាតតាមបណ្តាមូលដ្ឋាន ភូមិសង្កាត់ ក្នុងខណ្ឌដង្កោ។
– អនុវត្តនូវវិធានការអនាម័យត្រឹមត្រូវតាមក្បួនខ្នាត និងបំពេញការងារប្រកបដោយការប្រុងប្រយ័ត្ន គ្រប់ពេលវេលា គ្រប់ទីកន្លែង
– ច្នៃប្រឌិតនិងផលិតខ្លួនឯង នូវទូរបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់មនុស្សឆ្លងកាត់ចេញចូលទីបញ្ជាការ និងបែងចែកដាក់ឲ្យប្រើនៅតាមបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌ ទាំង១៤ ដូចគ្នា
– ច្នៃប្រឌិតនិងផលិតខ្លួនឯង នូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ ជៀសវាងបាននូវ ការក្អកឬកណ្តាស់ត្រូវមុខគ្នាទៅវិញទៅមក
លើសពីនេះទៅទៀត អាវុធហត្ថរាជធានីភ្នំពេញចំនួន២៤៥នាក់ បានស្ម័គ្រចិត្តចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន សរុបមានចំនួន មួយរយហាសិបប្រាំបីលាន ហុកសិបប្រាំម៉ឺន ពីរពាន់ រៀល (១៥៨,៦៥២,២០០៛) ជូនដល់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការ។ ការចូលរួមបរិច្ចាគ របស់សមាជិក អាវុធហត្ថរាជធានីភ្នំពេញ នាឱកាសនេះ គឺនាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដែលបានបរិច្ចាគបៀវត្សផ្ទាល់ខ្លួនទាំងអស់ រយៈពេល៧ខែ ស្មើនឹង ២០,០៥៥,០០០៛ និងអ្នកចូលរួមជាបន្តបន្ទាប់មានលោកឧត្តមសេនីយ៍មេបញ្ជាការរង, នាយរងសេនាធិការដ្ឋាន, នាយការិយាល័យ, មេបញ្ជាការ/មេបញ្ជាការរង មូលដ្ឋាន អាវុធហត្ថខណ្ឌទាំង14 ក្នុងរាជធានីភ្នំពេញ, និងនាយទាហាន នាយទាហានរង ពលទាហាន តាមបណ្តា ការិយាល័យ, មូលដ្ឋានអាវុធហត្ថខណ្ឌ និងកងឯកភាពចំណុះជាច្រើនរយនាក់៕