Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

ឆេះឃ្លាំងស្តុបនិងលក់គ្រឿងសង្ហារឹមនៅខណ្ឌសែនសុខ!ផ្អើលសមត្ថកិច្ចទាំងយប់

​ភ្នំពេញ៖​ ឃ្លាំងស្តុបសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង​​ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោ​សន្ធៅ​ ខូចខាតគ្រឿងសង្ហារឹមមួយចំនួនធំ​
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើត​ឡើងបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង​២និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី​១៦​ ខែមីនា​ ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ​ យីហោ​(បញ្ញាលក់គ្រឿងសង្ហា​រឹម​ )​ផ្លូវ ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។

​បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែង​កើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំង​ដែលជាចំនុចរោង​ជាងកែច្នៃគ្រឿងសង្ហារឹម​ ហើយក៏ចេញជាអណ្ដាតភ្លើងឆាប​ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់​ផ្អើលដល់បងប្អូនប្រជា​ពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍​ទៅ​សមត្ថកិច្ចហៅ​រថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ជើងញាប់ដៃ​ដោយប្រើពេល​វេលាប្រហែលមួយម៉ោង​ទើបរលត់ទៅវិញទាំងស្រុង។
ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនោះគេ​សង្កេតឃើញវត្តមាន​ លោក​ ហួរ​ ម៉េង​វ៉ាង​ ដែលជា​អធិការនគរបាល​ ខណ្ឌសែនសុខ​ បានដឹកនាំ​បញ្ជាកម្លាំងចុះទៅដល់កន្លែងកើត​ហេតុជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងសស្រាក់​សស្រាំផង​ដែរ​ ។
សមត្ថកិច្ចបានអោយដឹងថា​ ក្នុងហេតុការណ៍​ពន្លត់អគ្គីភ័យខាងលើកម្លាំងជំនាញបានប្រើ​បាស់រថយន្តពន្លត់អគ្គីភ័យចំនួន២០គ្រឿងនិង​បាញ់ទឹកអស់២៥ឡាន​ ចំពោះករណីអគ្គីភ័យនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូង​ថា​សង្ស័យមកពីឆ្លងចរន្តអគ្គិសនី​ ។​ ចំណែក​សម្ភារៈខូចខាតមានគ្រឿងសង្ខារឹមកែច្នៃរួចមួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយឆេះអស់ទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕

ចែករំលែកអត្ថបទ