Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងព័ត៌មាន ព្រមានចាត់វិធានការផ្លូវច្បាប់លើលោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ករណីផ្សាយព័ត៌មានឯកជន​របស់បុគ្គល, បំពានសេចក្តីថ្លៃថ្នូរនៃសព

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះលោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ចំពោះករណីផ្សព្វផ្សាយព័ត៌មានឯកជនរបស់បុគ្គល ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណសព និងរូបថតសព ដោយបំពានសេចក្តីថ្លៃថ្នូរនៃសព និងគ្មានការយល់ព្រមពីសាច់ញាតិសព។

ការព្រមានចាត់វិធានការផ្លូវច្បាប់នេះ បន្ទាប់ពីគេហទំព័រ K01 បានផ្សាយបង្ហាញពីអត្តសញ្ញាណសព និងរូបថតសព របស់ស្ត្រីគ្រូបង្រៀនភាសាអង់គ្លេស ជាជនជាតិហ្វីលីពីនម្នាក់ ដែលបានស្លាប់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម្សិលមិញ​​​ ដោយពុំមានការយល់ព្រមពីគ្រួសារសពជាមុន ដែលទង្វើបែបនេះ ត្រូវក្រសួងព័ត៌មានចាត់ទុកថា ជាការមិនគោរពអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺផ្ទុយពីការកំណត់នៅក្នុងច្បាប់សារព័ត៌មានរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានព្រមាននៅក្នុងលិខិតនេះថា «អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចាត់ទុកការណែនាំនេះ ជាការព្រមានលើកទី១​​​ ក្នុងករណីនៅតែបន្តសកម្មភាពផ្សព្វផ្សាយព័ត៌មានបែបនេះទៀតនៅថ្ងៃអនាគត អគ្គនាយកដ្ឋានព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់ ដែលមានចែងជាធរមាន»

កន្លងមក ដោយទង្វើបំពានសេចក្តីថ្លៃថ្នូររបស់បុគ្គល និងរំលោភសិទ្ធិបុគ្គលឯកជនស្រដៀងគ្នានេះដែរ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានណែនាំផង និងព្រមានផង ដល់លោក ឃឿន សុឡា ឲ្យបញ្ឃប់សកម្មភាពបំពានច្បាប់ ប៉ុន្តែជននេះនៅបន្តដោយគ្មានការរាងចាល៕

ចែករំលែកអត្ថបទ