Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

អ្នកនាំពាក្យក្រសួងសុខាភិបាល​ ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមថាករណី​បុរសជនបរទេសដែលដួលសន្លប់បណ្តាល​មកពីជំងឺរលាកផ្លូវ​ដង្ហើមថ្មី(កូរ៉ូណា)

ភ្នំពេញ៖​ បុរសជនជាតិបរទេសម្នាក់ដែល​បានដួលសន្លប់នៅព្រលានយន្ត​ អន្តរជាតិ​ភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភៈពេលនេះបានដឹង​ខ្លួន​ឡើងវិញជាធម្មតាហើយ​ រួចបាន​ប្រញាប់​ប្រញាល់ទៅកាន់ព្រលានយន្តហោះម្ដង​ទៀត​តែទោះជាយ៉ាងណាជនជាតិ​បរ​ទេស​រូបនោះត្រូវបានយន្តហោះចេញចោល​ នេះ​បើតាមការបញ្ជាក់ពីសមត្ថកិច្ច។

ជនរងគ្រោះជាជនជាតិបរទេសរូបនោះ​មាន​ឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen)ដែល​បាន​ដួលសន្លប់នៅព្រលានយន្តហោះ​ អន្តរជាតិ​ភ្នំពេញកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០​ បង្កឱ្យមាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ និង​នៅលើបណ្តាញសង្គម Facebook ហើយ​មានអ្នកសរសេរបង្ហោះបំភ្លៃ​ ថាជាអ្នកជំងឺ​រលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។ បន្ទាប់ពីមាន​ការដួលសន្លប់ភ្លាមៗ ជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់​រតនៈ ហើយក៏បានដឹងខ្លួនឡើងវិញ​។ ក្រោយ​ដឹងខ្លួន​ ជនរងគ្រោះបានត្រឡប់ទៅព្រលាន​យន្តហោះ​ ម្ដងទៀតដើម្បីចាកចេញទៅ​ប្រទេសម៉ាឡេស៊ី ប៉ុន្តែត្រូវយន្តហោះដែល​រូបគេជិះ​ បានហោះចេញ ចោលបាត់ដោយ​មិនបានរង់ចាំនោះឡើយ។

បើយោងតាមប្រភពបានឲ្យដឹងថា​ រហូតមក​ដល់ពេលនេះ ជនជាតិបរទេសរូបនោះ ត្រូវបានសមត្ថកិច្ច​ ណែនាំឱ្យទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែតមួយរយៈសិន ដើម្បីធានាកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិត នៅពេលធ្វើដំណើរ។

ជុំវិញករណីនេះ លោក លី សូវ៉ាន់ អ្នកនាំ​ពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ឱ្យដឹងថា បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជន​រង​គ្រោះ​ ឃើញថា មិនមាន​ការពាក់ព័ន្ធនឹងជំងឺកូរ៉ូណានោះទេ ដោយកម្តៅខ្លួន​របស់គាត់ធម្មតា។ ការដួលសន្លប់របស់ជនរងគ្រោះអាចបណ្តាលមកពីខ្យល់គរ។
អ្នកនាំពាក្យក្រសួងសុខាភិបាល​ ប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា ការដួលសន្លប់របស់ជនជាតិ​បរទេសរូបនេះបណ្តាល​មកពីជំងឺរលាកផ្លូវ​ដង្ហើមថ្មីកូរ៉ូណា។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នៅ​កម្ពុជាករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា​មាន​តែ​មួយករណីប៉ុណ្ណោះ ដែលត្រូវបានរកឃើញ​នៅលើខ្លួនជនជាតិចិនម្នាក់ ដែល​បានមក​ដល់​កម្ពុជា កាលពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២០។ ប៉ុន្តែបន្ទាប់ពីព្យាបាលរួច ហើយពិនិត្យសំណាកជាថ្មី គឺជនបរទេសរូបនោះពុំមានឃើញមេរោគកូរ៉ូណាទៀតទេ៕

ចែករំលែកអត្ថបទ