Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

មេការសំណង់ម្នាក់សង្ស័យស្រវឹងដេកធ្លាក់​ពីលើអាគារជាន់ទី៣បាក់កស្លាប់

ភ្នំពេញ៖ ប្រទះឃើញបុរសជាមេការសំណង់​ម្នាក់ដេកស្លាប់ផ្កាប់មុខនៅក្នុងបរិវេនអាគារ​កំពុងសាងសង់មួយកន្លែងសង្ស័យស្រវឹងដេកធ្លាក់ពីលើអង្រឹងជាន់ទី៣បាក់កស្លាប់
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី២៤​ខែ​មករាឆ្នាំ ២០២០ នៅចំណុចអាគារការដ្ឋាន​សំណង់កំពុងសាងសង់មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិ​លេខ៣​ ស្ថិតនៅក្នុងភូមិទឹក​ថ្លាសង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ​ ស៊ូ រ៉ាវេត អាយុ​៣២ ឆ្នាំមុខរបរ​ មេការសំណង់ស្នាក់នៅក្នុងការដ្ឋាន​ កន្លែងកើតហេតុ​ មានស្រុកកំណើត​នៅស្រុកបាវិត ខេត្តស្វាយរៀង។

បើតាមសម្ដី​ បុរសឈ្មោះ​ អ៊ុុ ប៉ូណា អាយុ​៣៥​ឆ្នាំ ដែលជាមេការដូចគ្នាបានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគាត់និងជនរងគ្រោះកាលពី​ល្ងាច​ថ្ងៃទី២៣ខែមករាបានទិញស្រាបៀរចំនួន៧កំប៉ុងយកមកផឹកនៅក្នុងអាគារការដ្ឋាន​ជាន់ទី៣​ ដោយជនរងគ្រោះផឹកអស់​ចំនួន៣កំប៉ុង ចំណែករូបគាត់ផឹកអស់៤កំប៉ុងហើយគាត់ក៏បានចុះមកក្រោមសម្រាកទុក​ ចំណែកជនរងគ្រោះសម្រាកក្នុងអង្រឹងជាន់​ទី៣​ ។
ប្រភពបានបន្តថា​ លុះដល់ព្រឹកឡើងខែឆ្នាំដដែល​ ខណៈដែលក្រុមកម្មករសំណង់បាន​នាំគ្នាមកចូលធ្វើការជាធម្មតាក៏ប្រទះឃើញ​បុរសជនរងគ្រោះបានដេក​ស្លាប់ផ្កាប់​មុខ​ភ្លាមៗនោះពួកគេក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីឱ្យចុះមកពិនិត្យ​នៅកន្លែងកើតហេតុ​ ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច្ឆ័យ​ ហើយបានសន្និដ្ឋានថា​ សង្ស័យជនរង​គ្រោះស្រវឹងស្រាដេកធ្លាក់​ពីលើអង្រឹងជាន់​ទី៣មកក្រោមបាក់កស្លាប់​ ​រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព​ជួនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ ស្រុកកំណើត៕