សន្តិសុខ​សង្គម

នគរបាលប៉ុស្ទឹងមានជ័យ៣​ ឃាត់ខ្លួនជន​សង្ស័យម្នាក់ដកហូតថ្នាំញៀន១០កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ធ្វើការចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យម្នាក់ឈរនៅតាមផ្លូវបេតុងដោយមានការសង្ស័យក៏ឃាត់ខ្លួនសួរ​នាំឆែកឆេររកឃើញថ្នាំញៀន១០កញ្ចប់តូច​នៅជាប់នឹងខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ ទៀបភ្លឺថ្ងៃទី ២២​ខែ​មករាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

ជនរកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ រស់ ចាន់សុភ័ក្រ ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ​។

លោក​ ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា​ នៅមុនពេល​ឃាត់ខ្លួនជនសង្ស័យ​ ខាងលើ​ លោកបាន​ដឹកនាំ​កម្លាំងនគរបាលប៉ុស្តិ៍​ ចេញល្បាតពួន​ស្ទាក់​ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗកុំឲ្យកើត​មាន​នៅក្នុងមូលដ្ឋាន​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យឈរ​តាមផ្លូវរងចាំម៉ូយមកយកថ្នាំសមត្ថកិច្ច​មាន​ការសង្ស័យក៏ឃាត់ខ្លួននិងឆែកឆេរ​ស្រាប់តែឃើញថ្នាំញៀន ១០កញ្ចប់តូចនៅ​និងខ្លួនរួចក៏បានឃាត់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣​ តែម្ដង។
លោក​ ឯម​ ភារី​ បន្តថា​ នៅមុខសមត្ថកិច្ចជន​សង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់គេពិតប្រាកដមែន​ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន ១០កញ្ចប់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ​ ដើម្បីចាត់​ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ