Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ស្គាល់អត្តសញ្ញាណខ្មាន់កាំភ្លើងដែលបាញ់​ប្រហាផ្ដាច់ជីវិតនិសិត្សពេទ្យ​កាលពីយប់មិញ​ហើយ

ភ្នំពេញ ៖ ក្រោយមានការបាញ់ប្រហា​នារី​ ជា​និសិត្សពេទ្យ​ ម្នាក់បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌​ ខណៈបញ្ជួនទៅសង្គ្រោះ​នៅមន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ​ នោះពេលនេះសមត្ថកិច្ចធ្វើការស្រាវជ្រាវ​យ៉ាងល្អិតល្អន់ និងបានកំណត់មុខសញ្ញាជន​សង្ស័យ​ ដែលបាញ់សម្លាប់នារីជាគូដណ្ដឹង កាលពីយប់មិញបានហើយមានឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ គឺជានាយទាហាន នៅអង្គភាព (ង៧០)​ មានឋានន្តរស័ក្តវរសេនីយត្រី ។

សូមរំលឹកថា នារីម្នាក់ដែលគេស្គាល់ថាជា​និសិត្សពេទ្យ​ មានឈ្មោះ ជុន ឌីណា ភេទ​ស្រី អាយុ២៦ ឆ្នាំ មានស្រុកកំណើត នៅភូមិ ព្រៃមនោ ឃុំផុងស្រុកបសេដ្ឋ កំពង់ស្ពឺ ស្នាក់​នៅផ្ទះកើតហេតុ​ ត្រូវបុរសជាគូដណ្ដឹង ដែលទើបនិងភ្ជាប់ពាក្យក្នុងអំឡុងខែកញ្ញាឆ្នាំ​២០១៩​ បានបាញ់ ប្រហាបណ្ដាលឲ្យស្លាប់បង្ក​ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង​១០​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៧ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខH-03 ផ្លូវលំ​BTក្នុងបុរីរំចេកអូឌឹមសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ ជាគូដណ្ដឹង របស់ជនរងគ្រោះ នៅក្នុងផ្ទះជាមួយគ្នា ក៏ស្រាប់តែលឺស្នូរ ផ្ទុះអាវុធ បន្ទាប់មកគេក៏ឃើញជនសង្ស័យ បានបីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅម៉ូតូកង់បីឥណ្ឌា ដឹកនារី​រងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះ តែជាអកុសលដោយសារ​របួសធ្ងន់ពេកទើបនារីរងគ្រោះ បានដាច់​ខ្យល់ស្លាប់ពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ។

ប្រភពបន្តថា ករណីខាងលើ កើតឡើងតាំង​ពីម៉ោង៩យប់តែមិនមានអ្នកចាប់អារម្មណ៍​ដោយសារតែការផ្ទុះអាវុធនេះ កើតឡើង​នៅ​ក្នុងផ្ទះល្វែង លុះឃើញសមត្ថកិច្ច ចុះមក​ពិនិត្យកន្លែងកើតហេតុ ទើបផ្អើលឆោឡោ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅ​ស្រុក​កំណើត ឯខេត្តកំពង់ស្ពឺ ។ ពេលនេះកម្លាំងសមត្ថកិច្ចកំពុង ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោស តាមច្បាប់ ៕

ចែករំលែកអត្ថបទ