Thursday, October 1, 2026
Latest:
ព័ត៌មាន​ជាតិ

បញ្ជួនខ្លួនជនសង្ស័យជាម្ដាយ​ ពេជ្រ​ សូលីកា​ទៅតុលាការ​ ចាត់ការតាមច្បាប់ពាក់ពន្ធ័ករណីសម្លាប់មនុស្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ខែមករា ឆ្នាំ២០២០​នេះ​ កម្លាំងនគរបាលខណ្ឌមានជ័យ​ បាន​បញ្ជូន​ខ្លួនស្ដ្រីឃាតក​ ដែលជាម្ដាយបង្កើត របស់តារាចម្រៀងល្បីឈ្មោះ​ ពេជ្រ សូលីកា ទៅតុលាការដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២០កន្លង​ទៅថ្មីៗនេះ។

សូមជម្រាបថា ជនរងគ្រោះដែលស្លាប់មាន​ឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំមាន​ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ​ ត្រូវបានស្ត្រីជាជនសង្ស័យសម្លាប់នៅក្នុងផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំង​សងខាងនិងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំមុខរបរនៅផ្ទះ​ ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះសម្ភារដែលជនរងគ្រោះបាត់បង់ រួមមាន ចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ហើយត្រូវសមត្ថកិច្ចនាំទៅដកហូតវិញ នៅ​ផ្សារកណ្ដាល នារសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២០។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា​ កាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី​យប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា​សេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង(ពួកគេទាំង២នាក់ មានទំនាក់​ទំនងស្នេហាស្រីដូចគ្នា) នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ)។

លោក​ ម៉េង វិមានតារា​ បន្តថា​ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមាន​ពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយសង្ស័យថា ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ហើយជនសង្ស័យក៏បានទារលុយ​ចំនួន​១៥,០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញតែជនរងគ្រោះមិនព្រម​ឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នាខណៈ​នោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូច​មនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបាន​យកខ្សែអាវធ្វើពីក្រណាត់ ០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់​ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃ ជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។

លោកអធិការបានបន្តទៀតថា លុះដល់ថ្ងៃទី​១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង​៤០​នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេស​វិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី។

ជាលទ្ធផលឃើញមានស្នាមចងដៃទាំងសង​ខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមាន​ស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំង​សង​ខាងហើយសពស្លាប់ដោយសារខ្ទប់ផ្លូវ​ដង្ហើម​(ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាក​សួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែ​ក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ​ ព្រមឆ្លើយសារ​ភាពថា រូបគាត់ពិតជាបានសម្លាប់ជនរង​គ្រោះឈ្មោះ ងិនសុខលី ពិតប្រាកដមែន។

លោក ម៉េង វិមានតារា បានបញ្ជាក់ទៀតថា ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជា​បងស្រីបង្កើតជនរងគ្រោះបានមកពិនិត្យ​មើលសាកសពជនរងគ្រោះ ហើយក៏បាន​ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាម​ផ្លូវច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ចែករំលែកអត្ថបទ