Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

ទីបំផុត! គណៈសង្ឃនាយក សម្រេចបញ្ចប់តួនាទីភិក្ខុ សេង ថង ពីចៅអធិការវត្តគោកបញ្ជាន់ និងស្នើឲ្យសមត្ថកិច្ចចាត់ការក្រុមលួចដីវត្តលក់តាមច្បាប់

(ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជាណា​ចក្រកម្ពុជា បានសម្រេច​បញ្ចប់មុខ​តំណែងភិក្ខុ សេង ថង ពីចៅ​អធិការវត្ត គោត្តមរង្សី ហៅវត្ត គោក​បញ្ជាន់ និងតំណែង ធម្មធរអនុគណ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតលេខ ២០៨/១៩ ស.ន.ក.ជ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈសង្ឃនាយក នេះព្រះរាជាណាចក្រកម្ពុជា​ ដែលអ្នកសារព័ត៌​មាន​ទទួលបាន។

សេចក្តីសម្រេច ដែលចុះព្រះហស្ដលេខា​ដោយ សម្តេចពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជា​ណា​ចក្រកម្ពុជា ដោយមានការឯកភាពរបស់ ឯកឧត្តម ហ៊ឹម ចែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើឡើងដោយគោរពតាមសំណើររបស់ សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្តីសម្រេចកម្រាស់ ៤ទំព័រ បាន​បញ្ជាក់ពីអង្គហេតុ និងមូលហេតុ នៃការដកដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្ត គោត្តមរង្សី ហៅវត្ត គោកបញ្ជាន់ និងតំណែង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែព្រះសង្ឃអង្គនេះ ជាប់ពាក់ព័ន្ធករណីសហការជាមួយអាជ្ញាធរដែនមូលដ្ឋានកាត់ដីវត្តទំហំ ៧ គុណនឹង១៥០ម៉ែត្រ ដែលជាសម្បត្តិគរុភណ្ឌលក់ខុសច្បាប់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍​​សែនជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្រៅពីកាត់ដីវត្តទំហំ ៧ គុណនឹង ១៥០ម៉ែត្រលក់បានជោគជ័យកាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥រួចមក នៅក្នុងអំឡុងឆ្នាំ២០១៦ ព្រះសង្ឃ សេង ថង បានស្នើសុំដោះដូរដីស្រះព្រះទន្លេ ជាដីកម្មសិទ្ធិរបស់វត្តទំហំជិត ៤ហិកតា ដែលទង្វើទាំងអស់នេះបានបង្ហាញថា ព្រះសង្ឃ សេង ថង មានចេតនា ព្យាយាមលក់ដីស្រះទន្លេបន្ថែម​ទៀត។

យោងតាមសេចក្តីសម្រេចរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដីវត្តគោកបញ្ជាក់ទំហំ ៧ គុណនឹង ១៥០ម៉ែត្រ ត្រូវបានព្រះសង្ឃ សេង ថង និងបក្ខពួកលួចលក់កាលពីថ្ងៃទី២០ ខែ១០ ឆ្នាំ២០១៥ ដោយមានឈ្មោះ ចក់ ឆុន ដែលគេស្គាល់ថា ជាសមាជិកគណៈកម្មាការវត្ត ជាអ្នកផ្តិតមេដៃផ្ទេរកម្មសិទ្ធិទៅឲ្យឈ្មោះ យ៉ង សម្បត្តិ ភេទប្រុស មានប្រពន្ធឈ្មោះ ឃុន សុខអែម។

ការកាត់ដីទំហំ ៧គុណនឹង១៥០ម៉ែត្រ ដែលជាផ្នែកមួយនៃដីកម្មសិទ្ធិវត្តទំហំជិត ៧ហិកតា ដែលមានប្លង់រឹងក្បាលដីលេខ ៧២៩ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ គឺធ្វើឡើងដោយមានលោក សុទ្ធ សាធ ចៅសង្កាត់​ចោមចៅ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយពុំបានឆ្លងកាត់មន្ត្រីជំនាញឡើយ ហើយអាជ្ញាធរ​ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីជាប្លង់ទន់ កាត់ចំណែកដីប្លង់រឹងរបស់វត្តលក់តែម្តង។ នេះបើយោងតាមការបញ្ជាក់របស់ លោក ពេញ ហួរ អនុប្រធានការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌពោធិ៍សែនជ័យ នៅក្នុងកំណត់ហេតុចុះវាស់វែងដីធ្លីវត្តគោកបញ្ជាន់ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ជាមួយគ្នានេះ គណៈសង្ឃនាយក នៃព្រះរាជានណាចក្រកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់ការលើបុគ្គល​ដែលពាក់ព័ន្ធករណីលួចដីវត្តលក់ទៅតាមផ្លូវច្បាប់ជាធរមាន ដើម្បីរក្សានូវសម្បត្តិគរុភណ្ឌរបស់វត្ត និងសង្ឃ។

ជុំវិញករណី ព្រះសង្ឃ សេង ថង និងមន្ត្រីលួចដីវត្តគោកបញ្ជាន់លក់នេះ អ្នកសារព័ត៌មានធ្លាប់បានទាក់ទងលោក ហេម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំការបំភ្លឺដែរ តែលោកអភិបាលខណ្ឌរូបនេះ មិននិយាយជាមួយឡើយ ដោយលោកថា «ខ្ញុំមិននិយាយជាមួយអ្នកកាសែតតាមទូរស័ព្ទទេ ព្រោះខ្ញុំអត់ដែលស្គាល់ផង។ មានការអីមកជួបខ្ញុំ នៅសាលាខណ្ឌមក។»

មហាជនកំពុងរងចាំមើលថា តើក្រុមអ្នក​ពាក់ព័ន្ធនឹងអំពើលួចលក់ដីវត្តគោកបញ្ជាន់ ដែលជាសម្បត្តិគរុភណ្ឌ អាចនឹង​ទទួល​ទោសតាមច្បាប់ដែរឬទេ? ខណៈដែល​ភស្តុតាង ដើម្បីដាក់បន្ទុកលើក្រុុមជនខិលខូចទាំងអស់នោះ មានគ្រប់គ្រាន់ និងច្បាស់​ក្រឡែតបែបនេះទៅហើយ៕