សន្តិសុខ​សង្គម

យុវតីម្នាក់លោតទឹកពីលើស្ពានព្រែកសំរោងសម្លាប់ខ្លួនដោយមិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ៖ យុវតីម្នាក់មិនដឹងថា មានវិបត្ដិអ្វីនោះ​ទេ​បានសម្រេចចិត្តគិតខ្លីជិះកង់មកលោតទឹក​ពីលើស្ពានព្រែកសំរោង​ ដើម្បីបញ្ចប់ជីវិត​
ហេតុការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងកាលពីវេលាម៉ោង០៩និង៣០នាទី​ព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៩​ នៅចំណុច​លើ​ស្ពានព្រែកសំរោង​ ស្ថិតក្នុង​ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

យុវតីដែលគិតខ្លីលោតទឹកសម្លាប់ខ្លួនមានឈ្មោះ អ៊ុន វិច្ឆិកា ភេទ ស្រី អាយុ១៨ឆ្នាំមុខ​របរសិស្ស មានទីលំ​នៅ​ភូមិកោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុបានអោយដឹងថា​ មុនពេលកើតហេតុ​គេឃើញយុវតីរងគ្រោះខាងលើបានជិះកង់មួយគ្រឿង​ឡើងមកលើស្ពានទិសដៅពីខាងព្រែកថ្មីមក​តាខ្មៅ​ ខណៈជិះមកចំណុចកើត​ហេតុស្រាប់​តែឈប់កង់ដោយមានទឹកមុខ​ស្រពាប់ស្រពោន​ មិនដឹងថាមានរឿងអ្វីនោះទេ​ ហើយក៏ដោះស្បែក​ជើង​ រួចឡើង​លើ​បង្កាន់ដៃ​ស្ពាន​ ភ្លាមៗ​ មានអ្នកធ្វើដំណើរឆ្លងកាត់ស្ពានបានចូលទៅជួយចាប់ដែរតែជួយ​មិនទាន់​ ។
ប្រភពដដែលបានបន្តថា​ បន្ទាប់ពីកើតហេតុ​ផ្អើលឆោឡោ​ ភ្លាមៗ​គេឃើញក្រុមគ្រួសារ​សាច់ញាតិជនរង​គ្រោះបានមកដល់កន្លែងកើតហេតុ​ នាំគ្នាទ្រហោយំ​ និងបានជួលទូក​ក្រុមអ្នកជំនាញមុជទឹករក​ រហូតដល់ទៅជាង​២ម៉ោងនៅតែរក​មិនឃើញ​ ។

ក្រោយមកក្រុមគ្រួសារសាច់ញាតិបាននាំគ្នាត្រលប់ទៅផ្ទះវិញ រង់ចាំដំណឹងនៅពេលក្រោយបន្តទៀត​ ។

ជុំវិញករណី​ លោតទឹកសម្លាប់ខ្លួនរបស់យុវតី​រងគ្រោះខាងលើ​ក្រុមគ្រួសារនិងសាច់ញាតិមិនបាន​បញ្ជាក់​​ពីមូលហេតុ​ ​នាំអោយមាន​បញ្ហា​នេះកើតឡើងបាន​ឡើយ​ ៕