សន្តិសុខ​សង្គម

សង្ស័យស្រវឹងស្រាបើករថយន្តតម្លៃរាប់មុឺន​ដូល្លារបុករបាំងថ្ម​ ចែកផ្លូវក្រឡាប់ឆ្លងចរន្តប្រពន្ធ័ភ្លើងឆេះផ្អើល

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើប​ ម៉ាកបេលី មួយគ្រឿងមានតម្លៃរាប់សិបមុឺនដូល្លារេចង្កូត​ជ្រុលទៅបុករបាំងថ្ម​ ពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារ​ជើង​ និងឆ្លងចរន្តភ្លើងចេញជាផ្សែងហុយខ្មួលខ្មាញ់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងមកអន្តរាគមន៍បាញ់ទឹក​ពន្លត់ទាន់ពេលវេលា
ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះបានបង្ក​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង ៣០​នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ​រថយន្តស៊េរីទំនើប​ ១គ្រឿងម៉ាក​ បេលី​ ​ពណ៌​ ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ​2AY-5666 បើកបរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពី​កើតទៅលិច ក្នុងល្បឿនលឿនសង្ស័យមិន​បានប្រុង​ប្រយត្ន័​ ខណៈមកដល់ចំណុចកើត​ហេតុខាងលើរថយន្តបានរេចង្កូតទៅ​ឆ្វេងដៃ​រួចក៏ជ្រុលទៅបុករបាំងថ្ម​ ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់១កង់ ឯរថយន្តក្រឡាប់​ ផ្ងារជើងទ្រមេឃ និងដាច់កង់ម្ខាង ព្រមទាំងខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ​ ។
​ប្រភពបានបន្តថា​ ភ្លាមៗនោះគេឃើញនារី​រូប​ស្រស់បានលូនចេញពីរថយន្តតែមិនមានការ​រងរបួសនោះទេ​! តែរថយន្តបានឆ្លងចរន្តប្រពន្ធ័ភ្លើងចេញជាផ្សែងហុយខ្មួលខ្មាញ់​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ​ ​១គ្រឿង​មកអន្តរាគមន៍ជួយបាញ់ទឹកទាន់ពេលវេលាការពារខ្លាចកើតទៅជាអគ្គីភ័យកើតឡើង​ ។

ក្រោយពេលកើតហេតុ គេឃើញសាច់ញាតិបងប្អូននារីដែលជាអ្នកបើកបរមកនាំរូប​នាងចេញពីកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កទៅ​រក្សា​ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញរងចាំ​ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ