សន្តិសុខ​សង្គម

កាប់កូនចុងបែកក្បាលរបួសធ្ងន់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះញាត់គុក

ពោធិសាត់៖​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ​ជាបុរសឪពុកចុង​ បន្ទាប់ពីធ្វើសកម្មភាពយក​កាំបិតកាប់កូនចុងបែកក្បាល​
ហេតុការណ៍ប្រើអំពើហឹង្សាកាប់ទៅលើកូន​នេះបានកើតឡើងកាលពីថ្ងៃទី១៨វិច្ឆិកាឆ្នាំ​២០១៩​ នៅក្នុងភូមិម៉ោយ​ ឃុំម៉ោយស្រុកវាលវែងខេត្តពោធិសាត់ ។

សមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែ​វិច្ឆិកាឆ្នាំ២០១៩នេះថា​ ករណីឪពុកចុងកាប់ទៅលើកូនស្រីចុងនេះ​ កើតឡើងកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩​ ដោយសារ​តែទំនាស់ពាក្យសម្ដីបន្តិចបន្តួច​ តែជនដៃដល់​ជាឪចុងបានយកកាំបិតកាប់ចំក្បាលកូន​ បណ្ដាលឲ្យរងរបួសធ្ងន់​ បន្ទាប់មកជនសង្ស័យបានរត់​គេច​ខ្លួនចូល​ទៅក្នុងព្រៃ​ រហូតដល់ល្ងាចថ្ងៃដដែល​ទើប​ ​លបចូលមកផ្ទះវិញក៏ត្រូវបាន​កម្លាំង​សមត្ថកិច្ចចាប់វាយខ្នោះយកមក​សួរនាំតែម្ដង​ ។

សមត្ថកិច្ចបានបន្តថា​ ជនសង្ស័យមាន​ឈ្មោះ ជឹម​ ភារម្យ​ ភេទប្រុស​ អាយុ៣៦ឆ្នាំ
ចំណែកជនរងគ្រោះឈ្មោះ បុី​ ជិន ភេទស្រីអាយុ២៦ឆ្នាំត្រូវជាកូនចុងរបស់ជនសង្ស័យ​ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុជាមួយគ្នា​ ។
បច្ចុប្បន្ន​ ជនសង្ស័យខាងលើ​ ត្រូវបានសមត្ថកិច្ចជំនាញ​ស្រុកវាលវែង​ ធ្វើការសាកសួរនិង​ កសាងសំណុំរឿងបញ្ជួនទៅស្នងការខេត្តពោធិសាត់​ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ