Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់!!កូនស្រីសតិមិនគ្រប់យក​ភ្លើងដុតផ្ទះម្តាយឆេះខ្ទេចគ្មានសល់

កំពង់ធំ​ ៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធូសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ​ និង​ សមត្ថកិច្ចចេញ​រថយន្តពន្លត់​ អគ្គីភ័យ​ ជួយអន្តរាគមន៍​ ​បាញ់ពន្លត់​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើង​កាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៣​ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច​ ភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅ​ជិតកន្លែងកើតហេតុបានប្រាប់ឲ្យ​ដឹងថា​ពេល​ កើតហេតុ​ ម្ចាស់មិននៅផ្ទះបាន​បិទទ្វារចោល​ ស្រាប់តែកូនស្រី​ដែល​ មានសតិមិនគ្រប់​បាន​យកភ្លើងដុត​ជញ្ជាំងផ្ទះផ្នែក​ខាងក្រោយ​រួចដើរ​ចេញបាត់​បណ្ដាលអោយ​ ឆាបឆេះយ៉ាង​សន្ធោសន្ធៅ​បង្កការ​ភ្ញាក់ផ្អើលដល់អ្នកជិត​ខាង​នាំគ្នាយកទឹកជួយជះ​ពន្លត់តែមិនរលត់​ ។​
ប្រភពបានបន្តថា​ ភ្លាមៗនោះប្រជាពលរដ្ឋក៏​បាន​រាយការណ៍ទៅសមត្ថកិច្ច​មូលដ្ឋាន​បានចេញ​ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងមកជួយអន្តរាគមន៍​បាញ់​ពន្លត់​ អស់ទឹក២​ឡានទើប​រលត់ទៅវិញទាំងស្រុង​ នៅវេលាម៉ោង ជាង១១ព្រឹកថ្ងៃ ដដែល​ ។ តែជាអកុសលផ្ទះ​ជនរងគ្រោះមួយខ្នងត្រូវ​ បានអណ្ដាតភ្លើងលេបត្របាក់អស់ទាំងស្រុង​និង​រាលដាលឆេះ​​ដល់​ជញ្ជាំងផ្ទះអ្នក​ជិតខាង​អស់មួយចំហៀងទៀត​។
ប្រភពដដែលបានបន្តទៀតថា​ កន្លងមកកូន​ស្រី​ ​សតិមិនគ្រប់របស់ម្ចាស់ផ្ទះរងគ្រោះ​តែង​តែខឹងម្តាយហើយលួចយកភ្លើ់ង​ដុតផ្ទះ​ តែ​ត្រូវ​ បានអ្នកជិតខាងជួយទាន់ លុះមកដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែលួចយកភ្លើងទៅ​ដុតជញ្ជាំងផ្ទះ​ ម្ដងទៀត​ បណ្ដាលអោយឆេះអស់ទាំងស្រុងតែម្ដង​ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ពង្ស ញ៉ាញ់ ភេទស្រី អាយុ៥៧​ឆ្នាំរស់នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកតាំង​គោក ខេត្តកំពង់ធំ។​ និងម្ចាស់ផ្ទះ​ ដែលឆេះអស់ជញ្ជាំងមួយចំហៀងមានឈ្មោះ​ សៅ ទិត្យ អាយុ៧៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា កន្លែងកើតហេតុ ។ ចំណែកកូនស្រី​ សតិមិនគ្រប់ ឈ្មោះ ម៉ុង​ ញ៉ អាយុ៣៨ឆ្នាំ​ ។ ចំណែក​ទ្រព្យសម្បត្តិដែលខូចខាត រួមមាន​ ៖​ ផ្ទះឈើ​មួយខ្នងឆេះអស់ទាំងស្រុង​ គ្រែបីតុបី ម៉ូតូសង់​ការ៉េមួយគ្រឿង និងសម្ភារៈប្រើ​ប្រាស់មួយចំនួនទៀត​ តែមិនបណ្ដាលឲ្យមាន​មនុស្សរង​របួសនោះទេ​ ៕