ព័ត៌មាន​ទាន់​ហេតុការណ៍

អាសូរ! មន្ត្រីនគរបាលម្នាក់ជិះម៉ូតូបុករថយន្តបតឆ្លងផ្លូវស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាបពី​ជិះម៉ូតូ​ ទៅបុករថយន្ត​ ដែលបើកបញ្ច្រាស់គ្នា​បត់ឆ្លងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍​ ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទី​ រំលងអធ្រាត្រ​ចូលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅ​ចំណុច​មុខក្រុមហ៊ុនលក់រថយន្ត​Merceodes​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ជឹម រតនៈ ភេទ​ប្រុស​ អាយុ៣៥ឆ្នាំ មុខរបរ​ មន្ត្រីនគរបាល​ប្រចាំការនៅស្ថាទូតឥណ្ឌា​ ស្នាក់​នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត​ហេតុគេឃើញរថយន្ត​ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-​5883 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបតឆ្វេងឆ្លងផ្លូវបំណងចូលចតរថយន្តក្នុងដីឡូត៍ដើម្បីសម្រាក់ ខណៈកំពុងបត​ បានពាក់កណ្តាលផ្លូវ​ ស្រាបតែមានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ទិសដៅ​បញ្ច្រាស់គ្នាក្នុងល្បឿនលឿន​ ក៏ជ្រុលមកបុក​ចំពីមុខ​ ពេញទំហឹង​ ម៉ូតូចូលក្រោមរថយន្តចំណែកបុរសរងគ្រោះបោកក្បាលស្លាប់យ៉ាងអាណោចអធម៌នៅនិងកន្លែង​ ។ ភ្លាមៗ​ តៃកុងរថយន្តបានចុះគេចខ្លួនបាត់​ ។

ក្រោយកើតហេតុគេឃើញបងប្អូនសាច់ញាតិជនរងគ្រោះបានមកដល់ទ្រហោយំ​សោកស្ដាយសមាជិកគ្រួសារ។ បន្ទាប់មក​សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ធ្វើ​ការ​វាស់វែងយករថយន្ត​ និងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ