Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញ​ ចុះពិនិត្យទីតាំងច្រាំង​ទន្លេដែលបាក់ ដោយទឹកជំនន់

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈ​ អភិបាលរាជធានីភ្នំពេញ អមដំណើរដោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីនៅ​ព្រឹក​ថ្ងៃទី ០៩ខែកញ្ញាឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែងដែលទទួលរងការបំផ្លាញដោយទឹកជំនន់នៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យទីតាំងខាងលើនេះ គឺក្នុងគោលបំណង ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យច្រាំងទន្លេ​ មានការបាក់ស្រុតបន្តទៀត។

លោកឃួង ស្រេង ក្នុងឱកាសនោះបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានក៏ដូចជា​មន្ត្រីជំនាញដែលចុះមកដល់ទីតាំងនេះធ្វើយ៉ាងណាដាក់បាវខ្សាច់ជាមួយនឹងថ្មទម្លាក់ចូលទៅក្នុងច្រាំងទន្លេដែលបាក់ស្រុតដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត។

បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់កោះដាច់បានឲ្យដឹងថា ច្រាំងទន្លេដែលទទួលរងការ​បាក់ស្រុតនេះបានកើតឡើងប្រមាណជាពីរទៅបីថ្ងៃមកហើយ ពោលគឺខណៈដែលជំនន់ទឹកទន្លេបានហក់ឡើងយ៉ាងគង្ហុករយៈ​ពេល​ប៉ុន្មានថ្ងៃនេះហើយទំហំនៃការបាក់ស្រុតនេះ​មានប្រវែងប្រមាណ២០ម៉ែត្រ។

លោកឃួងស្រេងបានបញ្ជាក់ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្តនេះ គឺយើងចាប់ផ្ដើមធ្វើការបោះបង្គោលទប់ដីកុំឲ្យហូរទៅបាតទន្លេរួមនឹងការចាក់ថ្ម ដាក់បាវខ្សាច់ចូលទីកន្លែងដែលបាក់ស្រុត​ ជាមួយនិងការ​បញ្ជូនសាឡង់មួយគ្រឿងដើម្បីដាក់ខ្សាច់មក​ចាក់នៅទីតាំងខាងលើនេះផងដែរសំដៅធ្វើយ៉ាងណាកុំឲ្យមានការបាក់ច្រាំងបន្តទៀត ដោយសារតែច្រាំងទន្លេនេះនៅជាប់នឹងផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ។ អ្វីដែលជាគោលការណ៍ខាងមុខ នៅពេលទឹក​ស្រករដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការបុកស៊ីផាយនៅទីតាំងខាងលើនេះបន្ថែម​ទៀត ដើម្បីបង្ការទប់ស្កាត់នូវការបាក់ស្រុតច្រាំងទន្លេនេះនៅឆ្នាំក្រោយៗទៀត។

ពាក់ព័ន្ធនិងការបម្រើសេវាជូនប្រជាពលរដ្ឋលោកឃួង ស្រេង តាមដាននិងបញ្ជាផ្ទាល់នៅទីតាំងកើតហេតុជាច្រើនម៉ោងដើម្បីឲ្យការទប់ច្រាំងទន្លេនេះទទួលបានជោគជ័យ បំបាត់នូវភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់កោះដាច់​ ។

ក្រោយពីចុះធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេនៅក្នុងភូមិរនៈ ក្នុងសង្កាត់កោះដាច់រួច​មក​លោក​ អភិបាលរាជធានី បានបន្តដឹកនាំមន្ត្រីជំនាញចុះ​ ត្រួតពិនិត្យច្រាំងទន្លេមួយ​កន្លែងទៀតនៅក្នុងភូមិខ្ទរ ក្នុងសង្កាត់ព្រែក​លាប ខណ្ឌជ្រោយចង្វា ដែលទីតាំងនេះក៏​បាន​ទទួលរងការគម្រាមកំហែងដោយការ​បាក់ច្រាំងទន្លេផងដែរ ខណៈដែរវិស័យឯក​ជនបានកំពុងតែចាក់ដីថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំអោយបាក់ចូលភូមិដ្ឋានរបស់ពួកគាត់

ទោះបីជាយ៉ាងណាក្តីពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីគាំទ្រចំពោះការបង្ការនិងទប់ស្កាត់កុំអោយបាក់ច្រាំងទន្លេនេះ តែសុំអោយបង​ប្អូនប្រជាពលរដ្ឋសុំច្បាប់មករដ្ឋបាលរាជធានី នោះរដ្ឋបាលរាជធានីនិងអនុញ្ញាតិច្បាប់ជូន ដើម្បីអោយការចាក់ថ្ម ដីចូលច្រាំងទន្លេនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់៕

ចែករំលែកអត្ថបទ