Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តចុះជួបសំនេះសំណាលជាមួយបងប្អូនអាជីវករផ្សារដើមក្រឡាញ់ ខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករ ដែលបានកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ដើមី្បក្តាប់នូវរាល់បញ្ហាមួយ ចំនួនរបស់បងប្អូនអាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ខេត្តសៀមរាប ដោយមានអមដំណើរដោយ លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ចៅសង្កាត់ និង ប្រធានគ្រប់គ្រងផ្សារដើមក្រឡាញ់ ចូលរួមផងដែរ ។

ក្នុងការចុះជួបសំណេះសំណាលនោះ ឯកឧត្តមអភិបាលខេត្ត រួមប្រតិភូអមដំណើរ ក៏បានអញ្ជើញពិសារនំបញ្ចុកដែលជានំរបស់ដូនតាខ្មែរយើងបានបន្សល់ទុក តកូនចៅគ្រប់ដំណរតរៀងមក ។ ម៉្យាងទៀត នំបញ្ចុកនេះក៏មានជីវប្រវត្តិជា យូលុងមកហើយផងដែរ នៅក្នុងរឿងព្រេងបុរាណ (ធនជ័យ) ដែលជាអ្នកប្រាជ្ញខ្មែរយើង បានបង្កើតឡើងនូវនំបញ្ចុកនេះ ហើយបានមកដល់បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើជាមុខរបរ អាជីវកម្មសម្រាប់ចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារទៀតផង ។

ជាមួយគ្នានេះ លោក សុខ តុញ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមក្រឡាញ់ បានឲ្យដឹងថា ចំពោះបញ្ហាដែលកើតឡើងកន្លងមកជាមួយអាជីវករផ្សារ ត្រូវបានបញ្ចប់ហើយ ក្រោមកិច្ចសហការជាមួយសាលាខេត្ត សាលាក្រុង ដោយបងប្អូនបានធ្វើការឯកភាពគ្នា ក្នុងការចាប់ឆ្នោតយកតូបលក់ដូររបស់ខ្លួន ។

តាមការបញ្ជាក់ ក៏ដូចជាសំណូមពររបស់បងប្អូនអាជីវករ ដែលមានតូបលក់ដូរនៅជាន់ខាងលើ ក៏បានលើកឡើងដូច ប្រធានគណៈកម្មការគ្រប់គ្រងផ្សារផងដែរ ។ ជាមួយគ្នានេះ អាជីវករក៏បានសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចអភិបាលក្រុង សុំជួយធ្វើអន្តរាគមន៍ ចំពោះបងប្អូនអាជីវករមួយចំនួន ដែលបានមានតូបលក់ដូរនៅជាន់ខាងលើ សុំឲ្យចូលមកលក់នៅតាមទីកន្លែងរបស់ខ្លួន គឺមិនត្រូវទៅលក់ដូរនៅលើដងផ្លូវសាធារណៈ ដែលជួលដោយម្ចាស់ផ្ទះល្វែង តាមបែបអាណាធិបតេយ្យនោះឡើយ។ ម៉្យាងទៀតក៏សុំឲ្យគណៈគ្រប់គ្រងផ្សារត្រូវបញ្ឈប់ឲ្យជិះម៉ូតូចូលទិញឥវ៉ាន់នៅតាមតូបលក់ដូរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់ក្នុងផ្សារ និង សុំឲ្យអ្នកលក់ដូរទាំងឡាយ ត្រូវចូលរួមធ្វើការសម្អាតអនាម័យ បរិស្ថានក្នុង ផ្សារ មិនត្រូវយកកាកសំណល់ទៅចាក់ចូលក្នុងប្រឡាយលូឡើយ ដែលបង្កឲ្យជួបនូវអន្តរាយនាពេលរដូវវស្សា ហើយបែទៅ បន្ទោសអាជ្ញាធរមូលដ្ឋានទៅវិញ ។ ក្នុងនោះដែរក៏មានក្រុមបងប្អូនអាជីវករ ដែលគ្មានទីកន្លែងលក់ដូរនឹងគេ ក៏បានសុំឲ្យ ឯកឧត្តមអភិបាលខេត្ត ជួយធ្វើការដោះស្រាយ ដើមី្បបានទីកន្លែងលក់ដូរ ដូចបងប្អូនអាជីវករឯទៀតផងដែរ ។

ឯកឧត្តម ទៀ សីហា ក៏បានសុំឲ្យនាយករដ្ឋបាលសាលាខេត្ត ទីចាត់ការអន្តរវិស័យសាលាខេត្ត និងសាលាក្រុងសហការគ្នាជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ត្រូវធ្វើការស្រង់នូវទិន្និន័យបងប្អូនអាជីវករដែលមានតូបលក់ដូរហើយ តែមិនបាន មកលក់នៅកន្លែងរបស់ខ្លួន ហើយទៅលក់ដូរតាមបែបអាណាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យរំខានដល់ការធ្វើចរាចរណ៍ទៅមក និង ចំពោះបងប្អូនអាជីវករដែលគ្មានទីកន្លែងលក់ដូរផងដែរ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានឲ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ត្រូវធ្វើការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ដោយមិនអនុញ្ញាតគ្រប់យានយន្តបើកបរចូលក្នុងផ្សារ ដើមី្បទិញឥវ៉ាន់នោះឡើយ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឲ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឲ្យមានការកកស្ទះទៀតផង ។

ឯកឧត្តមក៏បានលើកផងដែរថា ផ្សារដើមក្រឡាញ់នេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈទៀតផង ។ ម៉្យាងទៀតដោយផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ក៏បានអញ្ជើញចុះទៅពិនិត្យ ប្រឡាយប្រវត្តិសាស្ត្រដែលស្ថិតនៅជាប់ខាងលិចផ្សារដើមក្រឡាញ់ ហើយដែលត្រូវបានប្រជាពលរដ្ឋ ធ្វើលំនៅដ្ឋានរំលោភបំពានយកដីប្រឡាយ បណ្តាលធ្វើឲ្យប្រឡាយរួមតូចចង្អៀត ដែលតែងបង្កបញ្ហា នៅពេលរដូវវស្សា ធ្វើឲ្យចរន្តទឹកហូរមិនទាន់ បានបង្កឲ្យមានទឹកលិចនៅផ្នែងខាងលើទៀតផង។ ក្នុងនោះដែរ ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើការសហការគ្នា ត្រួតពិនិត្យ និង សិក្សាឡើងវិញ ចំពោះរាល់សំណង់ទាំងឡាយ ដែលបានរំលោភមកលើដីប្រឡាយ ព្រមទាំងច្បាប់សាងសង់ផងដែរ ៕