Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ឆក់កាបូបស្ត្រីពោះធំបានសម្រេចត្រូវប្ដីជន​រងគ្រោះដេញតាមស្រែកចោរៗ​ មកដល់​ខណ្ឌដូនពេញចាប់បានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក​២នាក់ ត្រូវជនរងគ្រោះ​ និងសមត្ថកិច្ច​ ឃាត់​ខ្លួនបាន​កាលពីវេលាម៉ោង៩និង៣០នាទី​យប់ ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩​ នៅតាមបណ្ដោយ​ផ្លូវលេខA6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីពោះធំម្នាក់បាន​សម្រេច​នៅខណ្ឌទួលគោក ។

ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់​នៅមិនពិតប្រាកដ ។ ឯម្នាក់ទៀតរត់គេចខ្លួន​បាត់ មិនស្គាល់អត្តសញ្ញាណ ។
ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ តែ លាងហ៊ុយ អាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់​នៅម្ដុំផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុន​ពេលកើតហេតុ រូបគាត់និងប្រពន្ធ បានជិះម៉ូតូឌុបគ្នាមកពីហូបអី ខណៈមកដល់ចំណុចមុខផ្ទះ ប្រពន្ធគាត់ក៏ចុះទៅបើកទ្វារ ដោយស្ពាយកាបូបភ្ជាប់ជាមួយ​ ស្រាប់តែជនសង្ស័យ​២​នាក់​ ឃើញ ក៏បានធ្វើសកម្មភាពឆក់កាបូប​ពីប្រពន្ធរបស់គាត់បានសម្រេច​ បណ្ដាលឲ្យដួលរលាត់ខ្លួនប្រាណ​ ខណៈដែលប្រពន្ធគាត់ពោះធំ​ ជាង៨ខែ​ រួចពួកគេព្យាយាមជិះគេចខ្លួន តែត្រូវរូបគាត់ជាប្ដីជិះដេញតាម និងស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្រះចក ខណ្ឌដូនពេញ ជួយដេញរហូតដល់ម្ដុំក្ដាន់២ ទើបជនសង្ស័យផ្ដួលម៉ូតូនិងបោះកាបូបចោល នាំគ្នារត់ដល់ផ្លូវA6 រ៉ារទេះភ្លើង ចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ក្រោយមក​ កាបូបលុយ ត្រូវបានបុរសជាប្ដីយកបានមកវិញដោយមិនបាត់បង់ទ្រព្យសម្បត្តិក្នុងកាបូបនោះឡើយ ។ ចំណែកជនសង្ស័យខាងលើ រួមនិងម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាព ត្រូវបានកម្លាំង​នគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើកំណត់ហេតុ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទួលគោក ដែលជាម្ចាស់ទឹកដី ចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែកអត្ថបទ