Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចឃាត់ខ្លួនឧកញ៉ា គង់ គ្រឹង និងកូន​ប្រសារឿងជំនួញឈើ

ក្រចេះ ៖ បើតាមសេចក្ដីរាយការណ៍ឲ្យដឹងថា​នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសា បន្ទាប់ពីសួរនាំអស់រយៈពេល ១ថ្ងៃ ពាក់ព័ន្ធ បទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌដើម្បីឆ្លើយ​ តបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គល​ដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

សូមបញ្ជាក់ថានៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩​ នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។

ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​នោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយ​ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែល​ពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា៕