Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

នោះ​ ! ឧកញ៉ា គង់ ក្រឹង ត្រូវមេបញ្ជាការរងកង​រាជអាវុធហត្ថលើផ្ទៃប្រទេស លោក ហុង វិណុល ចេញលិខិតកោះ​ ឲ្យចូលខ្លួននៅថ្ងៃទី​១៥សីហាខាងមុខ​នេះ

ភ្នំពេញ៖​ លោក ហុង វិណុល មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិតកោះហៅ ឧកញ៉ា គង់ ក្រឹង ឲ្យចូលខ្លួនទៅកាន់បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ​ ដើម្បីបំភ្លឺពាក់ព័ន្ធនិងបទល្មើសព្រៃឈើ។

ការកោះហៅនេះធ្វើឡើង ដើម្បីដំណើរការ​ស៊ើបអង្កេតឲ្យបានច្បាស់លាស់ត្រឹមត្រូវ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ​កម្មការជាតិ​ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីគណៈប្រតិភូអន្តរ​ក្រសួងស្ថាប័នចំរុះ និងបានចុះពិនិត្យទីតាំងស្តុកឈើ៣កន្លែង ក្នុងមូលដ្ឋានស្រុកមេមត់។

លុះនៅរសៀលថ្ងៃដដែល ឯកឧត្តម បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងស្តុកឈើ​៩ទីតាំងរបស់ឧកញ៉ា គង់ ក្រឹងដែលជាឈ្មួញប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បី​ល្បាញ​ម្នាក់ ក្នុងទឹកដីស្រុកស្នួល ខេត្តក្រចេះ៕

ចែករំលែកអត្ថបទ