Saturday, May 11, 2024
Latest:
ព័ត៌មាន​ជាតិ

ធ្វើបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ខេត្តស្វាយរៀង និងការចូលរួមចំណែកប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមអ្នកយកព័ត៌មានរបស់ទូរស្សន៍ជាតិកម្ពុជា ធ្វើបទសម្ភាសន៍ពាក់ព័ន្ធទៅនឹងការ អភិវឌ្ឍន៍ខេត្តស្វាយរៀង និងការចូលរួមចំណែកប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។

ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានមាន ប្រសាសន៍ថា រដ្ឋបាលខេត្តបានគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុត ចំពោះការអភិវឌ្ឍន៍ ខេត្តស្វាយរៀង ឲ្យមានការរីកចម្រើន ក្នុងនោះការខិតខំរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណា ប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍប្រកបដោយសន្តិភាព មិត្តភាព ភាតរភាព និងចីរភាព។ ហើយកិច្ចការដែលបានធ្វើ និងកំពុងធ្វើ គឺរដ្ឋបាលខេត្តបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយឈរលើ គោលការណ៍អធិបតេយ្យភាព តម្កល់ផលប្រយោជន៍ជាតិជាធំ ស្របទៅតាមខ្លឹមសារជាសារវ័ន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងសេចក្ដីថ្លែងការណ៍រួមដែលរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា-វៀតណាម បានឯកភាពគ្នានាពេលកន្លងមក ។

ដើម្បីពង្រឹងពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមស្មារតី ”ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិរភាពយូរអង្វែង”។

នាពេលកន្លងមកខេត្តស្វាយរៀងបានស្នើសុំចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ និងបណ្ដាខេត្តជាប់ព្រំដែន ដែលរហូតមកដល់បច្ចុប្បន្ន ដោយមានការអនុញ្ញាតពីក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាល ខេត្តបានបង្កើតចំណងកិច្ចសហប្រតិបត្តិការជាមួយខេត្តទាំងពីររបស់ប្រទេសវៀតណាម ដែលមានព្រំប្រទល់ជាប់ខេត្តស្វាយរៀង គឺខេត្តឡុងអាន និងខេត្តតៃនិញ ដែលផ្ដោតលើកិច្ចសហប្រតិបត្តការស្ទើរគ្រប់វិស័យរួមទាំងកិច្ចសហប្រតិបត្តិថែរក្សាសន្តិសុខសុវត្ថិភាពនៅតាមតំបន់ព្រំដែនផងដែរ។

ដោយឡែកចំពោះការអភិវឌ្ឍខេត្តដោយមានការចូលរួមចំណែកគាំទ្រពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង រួមមានដៃគូអភិវឌ្ឍន៍ សប្បុរសជន ព្រមទាំងការចូលរួមសហការអនុវត្តពីគ្រប់បណ្ដាមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវលទ្ធផលការងារអាទិភាពសំខាន់ៗជាច្រើន រួមទាំងការងារ ថែរក្សាសន្តិភាព សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈនៅក្នុងខេត្ត ការងារកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅទីក្រុង និងជនបទ ការស្ថាបនា និងស្ដារប្រព័ន្ធធារាសាស្ត្រ ការងារវិនិយោគឯកជន កសិកម្ម អប់រំ សុខាភិបាល វិស័យថាមពលអគ្គិសនី និងសមិទ្ធផលនានាផ្សេងៗទៀតដែលជាផលប្រយោជន៍ សាធារណៈ៕