Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនដែលសម្លាប់សង្សាខ្លួនឯង និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោលនៅក្បែរស្ពានព្រែកព្នៅនោះចាប់បានហើយ

ភ្នំពេញ៖ ជនជាតិចិន ដែលសម្លាប់សង្សាខ្លួនឯងដែលជនជាតិចិនដូចគ្នា និងមានកូនក្នុងពោះមួយខែ ហើយដុតសាកសពចោល នៅក្បែរស្ពានព្រែកព្នៅ ខណ្ឌជ្រោយចង្វារ កម្លាំងជំនាញនាយកដ្ឋានគរបាលព្រហ្មទណ្ឌ តាមចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេត្រឡប់មកប្រទេសកម្ពុជាវិញ ហើយគេចខ្លួនមួយរយៈបន្ទាប់ពីធ្វើសកម្មភាព។

ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិដោយលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះក៏មានការសហការពី នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

ជនដៃដល់ដែលកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380 ដែលចាប់ខ្លួនបាននៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមចម្លើយរបស់ឈ្មោះ Yang Yang បានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមប្រលានយន្តហោះអន្តរជាតិភ្នំពេញ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះឈ្មោះ Miao Xiaolin ហើយក៏ស្រលាញ់គ្នាជាសង្សារ ដោយជួលផ្ទះសំណាក់យីហោ ហ្វីបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិនព្រម ក៏មានការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះ ឲ្យដួលទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែងពោះគោរិតកសម្លាប់។ បន្ទាប់មកជនដៃដល់ បានទៅទិញវ៉ាលីមួយនៅផ្សារថ្មី តម្លៃ៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលី រហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលីដែលមានសាកសពដឹកតាមរថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩។

រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕