Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិ

ដំណើរឆ្ពោះទៅការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់

ខេត្តកែប៖ លោក អ៊ឹង ឆាយ អភិបាលខេត្តកែប ស្តីទីនិងជាប្រធានក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្តកែប បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារពិសេសសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ដែលប្រព្រឹត្តិទៅនៅមន្ទីរសុខាភិបាលខេត្តកែប ។

កិច្ចប្រជុំនេះមានរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ហើយក៏មានការអញ្ជើញចូលរួមដោយ លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប លោក លោកស្រីដែលជាសមាជិកសមាជិកាក្រុមការងារ និងមានការចូលរួមដោយ មន្រ្តីជំនាញជំងឺគ្រុនចាញ់ជាច្រើនរូប ផងដែរ។

លោក ម៉ែន សុធីរ បានលើកឡើងថា ច្រើនឆ្នាំមកនេះការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តកែប ទទួលបានជោគជ័យគួរឲ្យគត់សម្គាល់ គឺកាត់បន្ថយបន្ទុកនៃជំងឺដោយបានធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនចាញ់ធ្លាក់ចុះ ។

លោកក៏បានបន្ថែមទៀតថា ខេត្តកែបយើង ដែលមានមន្ទីរសុខាភិបាល ជាសេនាធិការបច្ចេកទេស បាននិងចាប់ផ្ដើមបង្កើតប្រព័ន្ធការងារដ៏ចាំបាច់មួយ ដើម្បីការលុបបំបាត់ជំងឺនេះជាដំណាក់កាលៗ ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទមេរាគ ផ្លាស់ស្មូមដ្យូម ហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ ត្រឹមឆ្នាំ២០២៥។

លោក អ៊ឹង ឆាយ អភិបាលខេត្តស្តីទី និងជាប្រធានក្រុមការងារពិសេសបានលើកឡើងថា «ការប្ដេជ្ញាចិត្ដលុបបំបាត់ជំងឺគ្រុនចាញ់នេះ» ត្រូវបានជំរុញលើកទឹកចិត្ដ ដោយ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំប្រទេសកំពូលដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ ការលុបបំបាត់នេះ ទាមទារឲ្យមានការរៀបចំ មានលក្ខណៈច្បាស់លាស់ ជាក់លាក់ និងចាំបាច់ ត្រូវមានការសម្របសម្រួលរវាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ ជាមួយនឹង ដៃគូអភិវឌ្ឍន៍នានា ព្រមទាំងមានមន្ទីរសុខាភិបាល ជាអ្នកបច្ចេកទេស និងចូលរួមមានការចូលរួមពីអ្នកពាក់ពន្ធគ្រប់រូបផងដែរ។

ពេលនេះមានយើងមានយុទ្ធសាស្ដ្រមួយដែលត្រូវបានរំពឹងទុកថា នឹងជំរុញឲ្យយើងឆ្ពោះទៅរក ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅក្នុងដំណាក់កាលនេះវាជាការចាំបាច់ណាស់ រដ្ឋបាលខេត្តកែបត្រូវធ្វើជាម្ចាស់ក្នុងភាពជាអ្នកដឹកនាំ និងមន្ទីរសុខាភិបាលជាអ្នកបច្ចេកទេស និងអនុវត្ដសកម្មភាព លើយុទ្ធសាស្ដ្រនេះ ដោយធ្វើការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដែលនាំឲ្យមានលទ្ធផល ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងឈាន ឆ្ពោះទៅសម្រេចនូវគោលដៅឆ្ពោះទៅការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទ មេរាគ ផ្លាស់ស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម ឲ្យអស់ត្រឹមឆ្នាំ២០២០ និងការលុបបាត់ជំងឺគ្រុនចាញ់គ្រប់ប្រភេទមេរោគទាំងអស់ត្រឹមឆ្នាំ២០២៥ ៕

ចែករំលែកអត្ថបទ