Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តមឈួរ ច័ន្ទឌឿន ជម្រុញអោយមន្រ្តីគ្រប់ជំនាញនៅច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋ ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញបែបនេះនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធដាក់អោយដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលសាលាស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពីមន្រ្តីនិងប្រជាពលរដ្ឋចំនួន៥២២នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថា មន្ត្រីរាជការទាំងអស់ត្រូវចាត់ទុកខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ គឺមិនមែនម្ចាស់លើប្រជាពលរដ្ឋនោះទេគឺត្រូវខិតខំផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាស្របតាមនិតិវិធីច្បាប់ដែលបានកំណត់តាមជំនាញនីមួយៗ ជាពិសេសត្រូវមានភាពទទួលខុសត្រូវ សាមគ្គី រក្សាភាពថ្លៃថ្នូរ ក្រមសីលធម៌ល្អ ក្នុងនាមជាមន្ត្រីរាជការ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បញ្ជាក់ថា ការសម្ពោធដាក់អោយដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលសាលាស្រុកកំពង់ត្រឡាច ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រមូលផ្តុំសេវារដ្ឋបាលនៅលើវិស័យនានានៅកន្លែងតែមួយ គឺដើម្បីបង្កភាពងាយស្រួល និងធ្វើអោយទាន់ពេលវេលាទៅនឹងស្របតាមតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ៕

ចែករំលែកអត្ថបទ