Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម យន្ត មីន ព្រមទទួលស្គាល់កំហុស ដោយសុខចិត្តលាលែងពីតំណែង ហើយសម្តេចដាក់​ ឯកឧត្តម គួច ចំរើន ឡើងជាអភិបាលខេត្តព្រះសីហនុ​ ជំនួសវិញ

ភ្នំពេញ៖ មុននេះបន្តិចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការសម្តេច នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ឯកឧត្តម យន្ត មីន ព្រមទទួលស្គាល់កំហុស ដោយសុខចិត្តលាលែងពីតំណែង ចំណែកឯកឧត្តម គួច ចំរើន នឹងឡើងជំនួសជាអភិបាលខេត្តព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ សម្រេចដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយសម្តេចបានបញ្ជាក់ថាដោយសារតែមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ ។

ខាងក្រោមនេះជាការប្រកាសរបស់សម្តេចតេជោ មានខ្លឹមសារដូចតទៅ៖ “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។

ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”៕