Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

សិស្សលាសាវិទ្យាល័យឫស្សីកែវម្នាក់​ចុះលេងទឹកស្រះវត្ត លង់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ យុវសិស្សម្នាក់ក្នុងចំណោមមិត្តរួមថ្នាក់៦នាក់រៀននៅសាលាវិទ្យាល័យឫស្សីកែវ បានលង់ទឹកស្រះក្នុងវត្តស្លាប់យ៉ាងអាណោចអធ័ម ទោះជាប្រជាពលរដ្ឋ និងសមត្ថកិច្ច ក្រុមគ្រួសារ ព្យាយាមចុះ​ រាវស្រង់បានមកវិញភ្លាមយ៉ាងណា ក៏មិនអាចសង្គ្រោះអាយុជីវិតបាន បន្ទាប់ពីយុវជនរងគ្រោះ រួមជាមួយមិត្តភ័ក្រ ឆ្លៀតម៉ោងទំនេរនាំគ្នាទិញ ផ្លែ គ្រឿងម្ជូរ ទៅហូបនៅមាត់ស្រះទឹក ក្នុងវត្ត ឧត្តរាវត្តី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយបានលោតចុះលេងទឹក​ស្រះ​ ក៏លង់លិចបាត់​ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង២និង៤០នាទី​រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។

យុវជនរងគ្រោះឈ្មោះ អ៊ាត សំរិទ្ធបញ្ញាអាយុ​១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ វិទ្យា​ល័យឫស្សីកែវ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងមិត្តរួមថ្នាក់ សរុបមានគ្នា៦នាក់ ឆ្លៀតម៉ោងទំនេរ ព្រោះសាលាក៏នៅជាប់ទីរបងវត្ត ក៏បាននាំគ្នា ទិញផ្លែឈើ គ្រឿងម្ជូរ ទៅអង្គុយហូបនៅមាត់​ស្រះក្នុងបរិវេណវត្ត កន្លែងកើតហេតុ ហូបបណ្តើរជជែកគ្នាលេងបណ្តើរ មិនទាន់ទាំងអស់ផង ជនរងគ្រោះ ដោះអាវ ស្រាតខោ​លោតចុះងូតទឹកស្រះ ស្រាប់តែលង់លិចបាត់តែម្តងរកតែជួយមិនទាន់ផងទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋ និងសមត្ថកិច្ច ក្រុមគ្រួសារ នាំគ្នាចុះរាវ ស្រង់ឡើងគោកវិញ ដើម្បីសង្គ្រោះ លើករលាក់ យ៉ាងណាក្តី ក៏​មិនអាចមានជីវិតឡើងវិញបានដែរ ក្រុមគ្រួសារ មិត្តភ័ក្រ បានត្រឹមបង្ហូរទឹកភ្នែក ទាំងក្តីអាណិត ។ តែដោយសារក្រុមគ្រួសារមិនអស់ចិត្តក៏បានបញ្ជួនយុវជនរងគ្រោះទៅកាន់មន្ទីពេទ្យសម្តេចឪខណៈទៅដល់ក្រុមគ្រូពេទ្យបានបញ្ជក់ថាក្មេងប្រុសរងគ្រោះបាន​ដាច់ខ្យល់​ ស្លាប់បាត់ជីវិត ទៅហើយ​ ។

តាមលោកតាអាចារ្យ បានឲ្យដឹងថា ស្រះទឹក​មុខ​ព្រះវិហារខាងលើ មានជម្រៅរហូតដល់ទៅ៣ម៉ែត្រ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច្ឆ័យ​ ពិនិត្យនិងធ្វើកំណត់ហេតុរួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕