Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

មិនប្រយត្ន័លើកដែកប៉ះខ្សែរភ្លើង ឆក់ឆេះរលាកបុរសម្នាក់ធ្ងន់គួរសម នឹង២នាក់ទៀតរងរបួសស្រាល

ភ្នំពេញ៖ ដោយសារការធ្វេសប្រហែល បណ្តាលអោយបុរសជាកម្មករជាងបាញ់ថ្នាំម្នាក់រងរបួសធ្ងន់ដោយសារតែគេលើកដែកទីបទៅប៉ះនឹងខ្សែកាបភ្លើង ឆក់ឆេះរលាកពេញខ្លួន ចំណែក២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង១០:៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានចិនមួយកន្លែង តាមផ្លូវ២០០៤ ស្ថិតក្នុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ណារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ មានទីលំនៅ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រភពបានបន្តអោយដឹងទៀតថា សំណង់ខាងលើជាសំណង់ចិន សាងសង់ក្បែរនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់ ហើយជនរងគ្រោះ លើកដែកទីបយកឡើងទៅលើ ក៏ប៉ះចំនឹងខ្សែរភ្លើង ទើបបណ្តាលអោយឆ្លងឆក់ពួកគេទាំង៣នាក់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ លើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ៕