Wednesday, November 13, 2024
Latest:
ព័ត៌មាន​ជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញបើកសមយុទ្ធ«ហនុមានមាស​ ២០១៩»នៅទី​លានបាញ់គ្រាប់ពិតតេជោ សែន ជុំគិរី ខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេ​បញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើង​គោក​ អញ្ជើញអធិបតីភាពក្នុងពិធីបើកសមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ នៅទី​លានបាញ់គ្រាប់ពិតតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។

សមយុទ្ធ «ហនុមានមាស ២០១៩» លើកទី២ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ចំណែកពិធីបិទសមយុទ្ធនេះ នឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូលរួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ពជើងគោក ជាមួយនឹងការប្រើប្រាស់នៅអាវុធយុទ្ធភណ្ឌទំនើបៗ​ផងដែរ។

លំហាត់សមយុទ្ធ«ហនុមានមាស ឆ្នាំ២០១៩» ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណ​ភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។

សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារ​សេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត៕