ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានពិនិត្យឃើញថា បណ្តាញផ្សព្វផ្សាយសង្គមមួយ ដែលមានឈ្មោះថា MNT-News បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា ម្ចាស់សំណង់សាលាជ័យថាវី បានដាក់លិខិតស្នើសុំមកក្រសួង ដើម្បីស្នើសុំចាត់មន្ត្រីចុះពិនិត្យការរុះរើសំណង់របស់ខ្លួន ព្រោះនេះអាចជាការបម្រើឱ្យផលប្រយោជន៍បុគ្គលឯកជនណាមួយ។
———————————————-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនចំពោះសាធារណជន មេត្តាជ្រាបថា ការសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រសួងបានធ្វើការពិនិត្យ ចុះទៅកាន់ទីតាំងសំណង់ជាក់ស្តែង និងឃើញថា៖
១. សំណង់នេះ បានសាងសង់ពីដែកសម្រាប់ប្រើប្រាស់ជារោងសម្រាប់ចំណតកង់-ម៉ូតូ របស់បុគ្គលិក និងសិស្ស ដែលមកបង្រៀន ឬរៀននៅសាលាជ័យថាវី។
២. សំណង់នេះ បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។
៣. សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។
ឈរលើស្មារតីការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់គ្រប់បណ្តាញផ្សព្វផ្សាយសង្គម សូមធ្វើការផ្សព្វផ្សាយព័ត៌មានដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យមានការភ័ន្តច្រលំក្នុងសង្គម។
សូមអ្នកសារព័ត៌មាន ម្ចាស់សំណង់ និងបងប្អូនប្រជាពលរដ្ឋយល់អំពីបញ្ហានេះ និងចូលរួមជាមួយសង្គមជាតិ ដើម្បីរៀបចំស្រុកយើងឱ្យបានស្អាត មានសោភ័ណភាព សុវត្ថិភាព សណ្តាប់ធ្នាប់ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
#កអក
