Friday, November 1, 2024
Latest:
សន្តិសុខ​សង្គម

លួចស៊ីម៉ង់ត៍ថៅកែ​ លក់រាប់ឆ្នាំបែករឿង​ ត្រូវ​ដំណាងក្រុមហ៊ុន​ ឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់ដែលជាតែកុងរថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន​ ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានដំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក្រោយពីដឹងថាជនសង្ស័យទាំង ៣រូបនោះបានលួចស៊ីម៉ង់របស់ខ្លួនយកទៅលក់ទៅឲ្យក្រុមហ៊ុនផ្សេង
​ករណីឃាត់ខ្លួននេះកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង០០នាទីល្ងាច ត្រង់ចំណុច ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័ដែលសមត្ថកិច្ចឃាត់ខ្លួនបានទី​០១​មានឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ទី០២ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩​ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅភូមិកណ្តាល ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល ទី០៣ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរ បើករថយន្ត ទីលំនៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។​

ចំណែកជនរងគ្រោះឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ​ មុខរបរប្រធានរដ្ឋបាលក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ តំណាងឱ្យក្រុមហ៊ុនស៊ីហ៊ូហ៊ុយ គ្រុប។

បេីតាមសម្ដីឈ្មោះ​ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ស៊ីហ៊ូហុយ គ្រុប​ បានអោយដឹងថា​ កាលពីដើមឆ្នាំ២០២០ មិនចាំថ្ងៃខែ​ ជនសង្ស័យទាំង៣​នាក់ជាអ្នកបេីករថយន្តដឹកសុីម៉ង់ត៍​ ចេញពីក្រុមហ៊ុនស៊ីហ៊ូហ៊ុយ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ង់ត៍ពី​រោងចក្រចក្រីទីង ស្ថិតនៅខេត្តកំពតមករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង៣​នាក់ខាងលើ បើករថយន្តដឹកស៊ីម៉ង់ត៍យកទៅ​ដាក់ តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ) បានលួចបូមស៊ីម៉ង់ត៍យកទៅ​លក់ឱ្យម៉ូយផ្សេងៗ ក្នុង១លើកៗអស់ចំនួនពី​៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។

នៅពេលបុគ្គលិករបស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយគ្រុប ទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនី​មួយៗ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយ បាត់ ស៊ីម៉ង់ត៍ក្នុង១រថយន្តអស់ពី៥០គីឡូក្រាម ទៅ៣០០គីឡូក្រាម ។ ពេលនោះខាងក្រុមហ៊ុនបានហៅជនសង្ស័យមកធ្វើការ​សួរនាំ តែពួកគេ(ជនសង្ស័យ) បានឆ្លើយថា ការបាត់បង់ស៊ីម៉ង់ត៍ បណ្តាល មកពីជញ្ជីងថ្លឹងឡើង និងជញ្ជីងថ្លឹងចុះ រួចបុគ្គលិកក្រុមហ៊ុន​ស៊ីហ៊ូហុយ បានទៅធ្វើការត្រួតពិនិត្យ ជញ្ជីងនៅតាមដេប៉ូនីមួយៗ ឃើញថា ជញ្ជីងមាន​ភាពប្រក្រតីត្រឹមត្រូវ ។

លុះដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង​៦​និង០០នាទីល្ងាច ប្រធានក្រុមហ៊ុនបានហៅជនសង្ស័យទាំង៣នាក់ ខាងលើមកធ្វើការ​សួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពប្រាប់ថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ង់ត៍របស់ក្រមហ៊ុន​ យកទៅលក់ឱ្យម៉ូយផ្សេងៗ ពិត​មែន​ កាលពី អំឡុងឆ្នាំ២០១៨ រួចបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការត្រួតពិនិត្យទៅលើស៊ីម៉ង់ត៍ដែល បានបាត់បង់ឃើញថា ចាប់តាំងពី​ឆ្នាំ២០១៨​ រហូតដល់ឆ្នាំ២០២០ មានការបាត់បង់​ស៊ីម៉ង់ត៍ជាង១៩៨តោន គិតជាទឹកប្រាក់​សរុបចំនួន ១៤,៨៥០ ដុល្លារ (មួយម៉ឺនបួន​ពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។

លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាល​ ខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ដំណាងក្រុមហ៊ុននិងចម្លើយជនសង្ស័យដែលបាន​សារភាពថា​ ពួកគេពិតជាបានលួចស៊ីម៉ង់របស់ក្រុមហ៊ុនលក់ពិតប្រាកដមែនកាលពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២០នេះ​ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣ នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕