Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

គួរឲ្យអាសូរ! ស្ត្រីវ័យចំណាស់ម្នាក់ដើរហាត់ប្រាណ​ត្រូវ​ម៉ូតូកង់បីឥណ្ឌាបុកស្លាប់ទាំងព្រឹក

ភ្នំពេញ​៖ ស្ត្រីវ័យចំណាស់ម្នាក់ដើរហាត់ប្រាណតាមផ្លូវត្រូវ​ម៉ូតូ​កង់បីឥណ្ឌា បើកបុកពីក្រោយពេញទំហឹង​ស្លាប់ភ្លាមៗ​នៅ​កន្លែង​គួរឲ្យអាសូរ​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះ​បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង២០នាទីព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ចំការ​ឪឡឹក​១ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យថាសពស្ត្រីរងគ្រោះមានឈ្មោះ យ៉ែម​ សារី​ ហៅ​ អូន អាយុ​៦១ឆ្នាំ ​មុខរបរ​នៅ​ផ្ទះ​ ស្នាក់នៅជាមួយកូននៅ ភូមិ ចំការ​ឪឡឹក​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ និងមាន​ស្រុកកំណើតនៅ​ស្រុក​មុខ​កំពូល ​ខេត្ត​កណ្ដាល​។

តាមសម្តីក្រុមគ្រួសារបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះជួនស្នាក់​ នៅជាមួយកូននៅស្រុកអង្គស្នួល ជួនមកស្នាក់នៅជាមួយកូន នៅភូមិចំការឪឡឹក២ហើយជនរងគ្រោះ មកស្នាក់​នៅជាមួយ​កូននៅភូមិចំការ​ឪឡឹក​២សង្កាត់​កាកាប​ទី​២​ នេះជួយមើលថែ​ចៅៗ ហើយជារៀងរាល់ព្រឹក តែងតែដើរហាត់ប្រាណ និង​នៅព្រឹកថ្ងៃកើតហេតុនេះ គាត់ដើរចេញក្រៅហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ។

បើតាមប្រជាពលដ្ឋ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដើរហាត់ប្រាណ តាម​ផ្លូវបេតុងខាងលើ ទិសដៅពីជើងទៅត្បូង មួយសន្ទុះ ក៏បាន​ដើរ​ត្រឡប់មកវិញ ហើយឆ្លៀតចូលទិញនំឆាខ្វៃចំនួន២គូរ កាន់នៅដៃផង ខណៈដើរដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខបើកមកពី​ក្រោយជ្រុលបុកពេញទំហឹងផ្លោងរមៀល​ ជនរងគ្រោះបោក​ ក្បាលនិងថ្នាល់ស្លាប់ភ្លាមៗនៅកន្លែង​ ចំណែកម៉ូតូបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ​និង​ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ​តាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ