Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ចាប់មនុស្ស២នាក់ផ្ទុះអាវុធ​៦គ្រាប់​បណ្ដាលឲ្យអ្នកភូមិក្មេងចាស់២នាក់​សន្លប់

ភ្នំពេញ​៖ ក្មេងស្រីម្នាក់ និងស្ត្រីចំណាស់ម្នាក់បានសន្លប់បាត់ស្មារតី ក្រោយពីមាននគរបាលសុីវ័លចុះចាប់មនុស្សប្រុសស្រី២នាក់ ហើយផ្ទុះអាវុធចំនួន៦គ្រាប់ក្បែរខ្លួន បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏និងសមត្ថកិច្ចមូលដ្ឋាននៅវេលាម៉ោង៩ និង៤០នាទីយប់ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិព្រែកតាពៅ (ទល់មុខវិហារឥស្លាម) សង្កាត់ ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញនារីជនជាតិវៀតណាមម្នាក់ បានដើរចូលមកក្នុងភូមិកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់ តែ​មានកម្លាំងសមត្ថកិច្ច​ចម្រុះមួយក្រុម​ ស្លៀកពាក់ ស៊ីវិល​ ពាក់មួកសុវត្ថិភាពបាំងមុខជិត មានទាំងរថយន្ត​មានទាំងម៉ូតូ មិនដឹងថា​តាមនារីជនជាតិវៀតណាមខាងលើ​មកពីណាទេ​ ក៏ឆ្មក់ចូលមកតាមក្រោយ​ ចំណែកឯនារីជនជាតិវៀតណាមរូបនោះ បានរត់ឡើងផ្ទះប្រជាពលរដ្ឋ​ ទើបកម្លាំងសមត្ថកិច្ចចម្រុះទាំងនោះ​រត់ដេញតាមចាប់បានមនុស្សស្រីម្នាក់​និងយុវជនម្នាក់ ទៀត​ ដាក់ខ្នោះជាប់គ្នា រួចបម្រុង​នាំខ្លួន​ចេញក្រៅ ស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរនោះមកឃើញទាន់​ ក៏ស្រែក​ឆោឡោ​ឡើងបង្កការភ្ញាក់​ពេញមួយភូមិ​ នាំគ្នារត់មក​រារាំង​សមត្ថកិច្ច​មិនអោយ​នាំខ្លួនចេញទៅ ដោយសារតែ​ប្រជាពលរដ្ឋ​ច្រើនពេក​និងព្យាយាម​រារាំង​មិនឲ្យនាំយុវជនប្រុសស្រីទាំង២នាក់នោះចេញ​ ទើបសមត្ថកិច្ចបាញ់ឡើងលើ​៣គ្រាប់ ដើម្បីគំរាមប្រជាពលរដ្ឋ តែនៅមិនអាចបំបែកបាន​ ទើបសមត្ថកិច្ច​បន្ត​បាញ់ឡើងលើ​៣គ្រាប់​ផ្ទួនៗគ្នាទៀត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​មានការភិនភ័យ​ នាំគ្នា​ស្រែក​ឆោឡោ​ឡើង ធ្វើឲ្យក្មេងស្រីម្នាក់ និងស្ត្រីចំនាស់ម្នាក់សន្លប់ស្ដូកស្ដិង ។ ដោយឃើញបែប នេះសមត្ថកិច្ច​ចម្រុះទាំងនោះ​ នាំគ្នា​ដកខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ដោយបន្សល់ទុកយុវជន ប្រុសស្រីទាំង២នាក់ជាប់ខ្នោះនៅកន្លែង ព្រមទាំងសំបកផ្ទុះផងដែរ ។

ក្រោយពីសមត្ថកិច្ច​ស្លៀកពាក់ស៊ីវិល​ទាំងនោះចេញ បាត់អស់ទៅ​ គេឃើញមាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ ច្បារអំពៅ​ និងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា​ ព្រមទាំងកងរាជអាវុធហត្ថខណ្ឌ បានចុះមកធ្វើការសាកសួរ​ ដំណើររឿងហេតុ និងជួយទាក់ទងហៅ​រថយន្ត​សង្គ្រោះ​ឲ្យមកដឹក​អ្នកដែលសន្លប់​យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យផងដែរ។
ពាក់ព័ន្ធ​ករណី​ផ្ទុះអាវុធ​ខាងលើនេះ​លោក​នាយប៉ុស្តិ៍នគរបាលព្រែកប្រា​ បានប្រាប់ភ្ងាក់ងារសារព័ត៌មាន យ៉ាងខ្លីថា លោកមិនដឹងកម្លាំងសមត្ថកិច្ចខាងណាចុះ ទៅបង្ក្រាប និងផ្ទុះអាវុធក្នុងភូមិសាស្ត្ររបស់លោក នោះទេ ហើយលោកក៏កំពុងតែ​ធ្វើស្រាវជ្រាវនូវ សាច់រឿងទាំងនោះផងដែរ ៕