Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

ហេតុអ្វីលោកផ្កាយ១ កុយ សុភាព ស្នងការរងខេត្តស្វាយរៀងមិនព្រមចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ? លោក កុយ សុភាព ថា បើចង់ដឹងឱ្យទៅសួរលោកស្នងការខេត្ត!

(ស្វាយរៀង)៖ បើទោះជាមានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ឱ្យចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយចុះ ក៏បច្ចប្បន្នលោកឧត្តមសេនីយ៍រូបនេះនៅតែបន្តកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបន្ទុកព្រហ្មទណ្ឌដដែល។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងខេត្តស្វាយរៀង។

ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី កុយ សុភាព មិនត្រឹមតែមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនពេលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់រូបលោកឱ្យចូលនិវត្តន៍ទៅទៀត។

មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ដោយបំពានច្បាប់បែបនេះបាន។

កម្លាំងនគរបាលខេត្តស្វាយរៀង សូមគោរពស្នើសុំសម្តេចមហាបវធិតី នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត រដ្ឋន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ កុយ សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងនេះសូមអញ្ជើញសួរលោកឧត្តមសេនីយ៍ទោសស្នងការនគរបាលខេត្ត។
អ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងលោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺ តាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកមិនទទួល។

ដោយឡែកលោកបណ្ឌិត ទួច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏មិនទាន់បានបញ្ជាក់លំអិតពីបញ្ហានេះនោះឡើយទេ ដោយលោកបណ្ឌិតបានឆ្លើយតបថា៖ លោកសុំពេលដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន៕