សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រច័ណ្ឌ បុរសចំណាស់ម្នាក់​យកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើ​ទារុណកម្មទៅលើប្រពន្ធ ដោយយកខ្សែភ្លើងចងជើងប្រពន្ធ​ បន្ទាប់មកក៏បានយកកាំបិតចុងស្រួច ចាក់សំដៅទៅលើបំពង់-ក ប្រពន្ធ​ បណ្ដាលអោយស្លាប់បាត់បង់ជីវិត រួច​ក៏បានយកកូនកាំបិតចាក់សម្លាប់ខ្លួនឯងតាមក្រោយ បណ្ដាលអោយ ស្លាប់បាត់បង់ជីវិត​នៅកន្លែងទាំងពីរនាក់​
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅ​វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៤៥BT ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

តាមសម្ដីកូនស្រីទី២ របស់ជនរងគ្រោះបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ខ្លួនកំពុង​ដេកស្រាប់តែលឺសម្លេងប្រទូសសារាយគ្នា នៅក្នុងបន្ទប់ដេករបស់ឪពុកម្តាយ ពេលនោះខ្លួនក៏បានឡើងទៅ​មើល ស្រាប់តែឃើញម្តាយដេកផ្កាប់មុខ នៅក្រៅបន្ទប់​ដោយជើងទាំងពីរ ជាប់​ចំណងជាមួយនឹងខ្សែភ្លើង ។ ឃើញដូចនេះខ្លួនស្ទុះទៅឱបម្តាយ រួចបីត្រកងឲ្យផ្ងារមុខឡើង​ ទើបដឹងថាម្តាយផុតដង្ហើម ភ្លាមៗខ្លួនក៏​បានរត់ចុះទៅបិទភ្លើងបារ៉ែតនៅក្រោមផ្ទះ លុះឡើងមកលើវិញស្រាប់តែឃើញឪពុក កំពុងតែចាក់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ ដោយប្រើកាំបិតចុងស្រួច ។

បុរសជាប្តីមានឈ្មោះ ឡោ សុធាវី អាយុ ៦០ឆ្នាំ អតីត​ ជាយោធិនពិការ។
ស្ត្រីជាប្រពន្ធឈ្មោះ អាង ស៉ីគូ អាយុ៥២ឆ្នាំ មុខរបរ មេផ្ទះ មានកូន៤នាក់ ស្រី៣ ប្រុស​មួយ​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងផ្ទះកើតហេតុខាងលើ ធ្វើការពិនិត្យទៅលើសពរួចរុំព័ទ្ធខ្សែដើម្បីរង់ចាំ សមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច្ឆ័យ ស្រាវជ្រាវជាបន្ត ចំណែកសព រង់ចាំក្រុមគ្រូពេទ្យ យកសំណាក ស្វែងរកមេរោគកូវីដ-១៩ ទើបប្រគល់ឲ្យក្រុមគ្រួសារ យក​ធ្វើបុណ្យ តាមប្រពៃណី៕

ចែករំលែកអត្ថបទ