Sunday, April 28, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្ត VOLVO បើកក្នុងល្បឿនលឿនដល់ស្តុបអក់ហ្សឺបួងចង្កូតឡើងចិញ្ចើមផ្លូវ បុករ៉ឺម៉កកង់បីកំពុងរង់ចាំម៉ូយអូសជាង ៣០ម៉ែត្រ តៃកុងរបួសធ្ងន់.!

ភ្នំពេញ៖ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូកង់បី ស្ថិតតាមបណ្តោយផ្លូវលេខ៦ កែងផ្លូវបេតុងចូលរវង្វង់មូលនាងមច្ឆា ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្ក ម៉ាក VOLVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-0702 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុតៃកុងរ៉ឺម៉ក បានបើករ៉ឺម៉កមកឈប់លើចិញ្ចើមផ្លូវខាងលិច នៃផ្លូវជាតិលេខ៦ ខណ:ដែលតៃកុងរ៉ឺម៉កចុះមកអង្គុយក្បែររ៉ឺម៉ក ស្រាប់តែមានរថយន្តម៉ាក VOLVO ខាងលើបើកក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន មកដល់ផ្លូវកែងក៏បង្អង់ល្បឿនអក់ហ្សឺភ្លើងស្តុបដែលកំពុងចេញពណ៌ក្រហម រួចបួងចង្កូតមកស្តាំដៃជ្រុលបុកតៃកុង និងរ៉ឺម៉កបណ្តាលឲ្យរុញរ៉ឺម៉កប្រមាណ ៣០ម៉ែត្រ និងប៉ះរថយន្តមួយគ្រឿងទៀតខូចខាតស្រាល។

ក្នុងហេតុការណ៍នេះបណ្តាលឲ្យតៃកុងរ៉ឺម៉កម្នាក់របួសធ្ងន់ និងរថយន្តបង្កខូចខាតយ៉ាងដំណំរថយន្តមួយទៀតខូចខាតស្រាល។

ក្រោយពេលកើតហេតុអ្នកបើកបរ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ចំពោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯវត្ថុតាងជំនាញធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី៕

ចែករំលែកអត្ថបទ