Saturday, May 18, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការខេត្តកណ្ដាលបង្គាប់ឲ្យចាប់ខ្លួនឈ្មួញដីល្បីឈ្មោះប្រចាំស្រុកមុខកំពូល ម្នាក់ យកទៅដាក់គុករឿងលួចដីគេលក់

(កណ្តាល)៖ ជនត្រូវចោទឈ្មោះ យឹម សំអុល ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិជ្រែ មួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលដែលជាឈ្មួញរកស៊ីដីល្បីឈ្មោះ និងធ្លាប់ជាប់គុកម្ដងរួចទៅហើយនោះ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនសារជាថ្មី ពាក់ព័ន្ធបទល្មើសលួចលក់ដីរបស់អ្នកដទៃ។

ជនត្រូវចោទឈ្មោះ យឹម សំអុល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅ ចំណុចភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល តាមដីការបស់តុលាការខេត្តកណ្ដាល ពីបទ លួចលក់អចលនទ្រព្យរបស់អ្នកដទៃ ប្រព្រឹត្ត នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពី អំឡុងឆ្នាំ២០១៨។

ប្រភពពីប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ យឹម សំអុល ក៏ធ្លាប់ជាបើគុករយៈពេល ២ឆ្នាំ ផងដែរ កាលពីអំឡុងឆ្នាំ២០១៥ ពាក់ព័ន្ធករណីលួចដីអ្នកដទៃលក់ដោយខុសច្បាប់។ នៅពេលចេញពីគុកវិញ ឈ្មោះ យឹម សំអុល មិនបានកែប្រែខ្លួនឡើយ គឺនៅតែបន្ដសកម្មភាពលួចដីអ្នកដទៃលក់ជាបន្តបន្ទាប់រហូតដល់ជាប់គុកម្ដងទៀត៕