Saturday, November 7, 2026
Latest:
ព័ត៌មាន​ជាតិ

អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនគរបាលជំនាញចុះឃាត់ខ្លួន និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានចេញបទបញ្ជាទៅកាន់នាយកដ្ឋានជំនាញ ឲ្យសហការជាមួយស្នងការដ្ឋាន​នគរបាលរាជធានី–ខេត្តដើម្បីចុះស្រាវ​ជ្រាវឃាត់ខ្លួនអ្នកផ្សព្វផ្សាយលក់ និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19 លើ​បណ្តាញសង្គមនានា ។

ការចេញបទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រឆាំងការរីករាលដាលកូវីដ–១៩ ។

ពាក់ព័ន្ធនឹងករណីឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19 ខាងក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យប្រើ ឬផ្សព្វផ្សាយលក់ដូរឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីត១៩ ជាមធ្យោបាយក្នុងការរក​វីរុសកូវីត១៩ ដោយខ្លួនឯងឲ្យសោះ ។

បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្ត​រហ័សរកវីរុស កូវីត ១៩ ជាច្រើនមកហើយ ក៏ប៉ុន្តែរហូតមកទល់ពេលនេះនៅតែមិនទាន់មានឧបករណ៍ណាអាចធ្វើតេស្តរកឃើញវីរុសកូវីត ១៩ ប្រភេទណាមួយ ដែល​ត្រូវបានបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នូវភាពត្រឹមត្រូវ និងប្រសិទ្ធភាព​នៃការធ្វើតេស្តរហ័សរកវីរុសកូវី១៩ នេះនៅ​ឡើយទេ ។

ក្រសួងសុខាភិបាល ក៏បានព្រមានផងដែរថា ជនណាដែលយកឧបករណ៍ធ្វើតេស្តរហ័សវីរុសកូវីត១៩ មកធ្វើការផ្សព្វផ្សាយដើម្បីលក់​ដូរសាធារណៈ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលនឹងត្រូវផ្តន្ទាទោសតាម​ច្បាប់ជាធរមាន៕

ចែករំលែកអត្ថបទ