Friday, May 17, 2024
Latest:
ព័ត៌មាន​ជាតិ

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ៖ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់​ស្កាត់បញ្ហាជំងឺផ្លូវដង្ហើម(Covid19) ជាមួយក្រសួង សុខាភិបាលទាំងអស់គ្នា មិនត្រូវនាំ​គ្នាខ្លាចរហូតដល់បាត់បង់ស្មារតីនោះទេ

ភ្នំពេញ៖​ នៅព្រឹកថ្ងៃ សៅរ៍ ៥កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៨ខែមីនាឆ្នាំ២០២០​ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ អនុសាខកាក​បាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជូនប្រជាពលរដ្ឋ ដែលមានជីវភាពទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ១៥ គ្រួសារ មកពី ១១ភូមិ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាក​បាទក្រហមកម្ពុជា ខណ្ឌមានជ័យ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនទាំងអស់ដោយក្តីនឹករលឹក សូមកុំមានការ​ព្រួយបារម្ភ ត្រូវគិតគូពីសុខភាព ហើយបង​ប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ ។ ក្នុងករណីបើមានអារៈដូចជាក្អក ក្តៅខ្លួន ផ្តាស់សាយ គ្រុនត្តៅ ពិបាកដកដង្ហើម សូម​ទៅជួបគ្រូពេទ្យជំនាញដែលនៅជិតលោក​អ្នកបំផុតរួចប្រាប់ពត៌មានអំពីប្រវត្តិនៃការធ្វើដំណើ និងប្រភេទរោគសញ្ញាដល់គ្រូពេទ្យ ។

បន្ទប់មក លោកឌី រ័ត្នខេមរុណ អភិបាលរង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ជម្រាបដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យអំពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។

ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និង​ទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬ​អាល់កុលហ្សែល ។
២.ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬ​កណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នក​ដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
អំណោយដែលទទួលបានពីអនុសាខា ក្នុងមួយគ្រួសារៗ រួមមាន ៖
-អង្ករ ១បាវ ៣០គីឡូ, មី ម៉ាម៉ា ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូក្រាម រួមទាំងថវិកាចំនួន​ ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕