Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

មេធាវី​ លោក​ ឧកញ៉ា​ លាង​ ឃុន​ បដិសេធ​ ថាការស្លាប់របស់នារី​ឈ្មោះ​ ឃុន​ ស្រីស្រស់មិនជាប់ពាក់ពន្ធ័លោកឧកញ៉ានោះទេ​ ! វីដេអូ​ ដែលនាងបង្ហោះគឺបំណងគំរាមកំហែងទាប្រាក់តែប៉ុណ្ណោះ

ភ្នំពេញ៖​ ក្រោយផ្ទុះរឿងរ៉ាវនារីវ័យក្មេងម្នាក់​លោតសម្លាប់ខ្លួនពីលើអគារខុនដូ(វីឃែន)​ជាន់ទី៥​ កាលពីវេលាម៉ោងជាង២រំលងអាធ្រាត​ចូលថ្ងៃ១១ខែមិនាឆ្នាំ២០២០​នៅចំណុច​ ​ផ្ទះ​លេខ​៨៧​ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹង​ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​ ស្លាប់​យ៉ាងអាណោចអធម៌​ ខណៈដែលមុនស្លាប់នាងបានបង្ហោះវីដេអូ​ រៀបរាប់ពាក់ពន្ធ័និងលោកឧកញ៉ាម្នាក់ផ្អើលពេញបណ្ដាញសង្គម​ ពេលនេះមេធាវីការពារសិទ្ធិអោយលោក​ឧកញ៉ា​ លាង​ ឃុន​ បានចេញសេចក្ដីប្រកាស​ព័ត៌មាន​ ថាការស្លាប់របស់នារីរងគ្រោះមិនជាប់ពាក់ពន្ធ័និងលោកឧកញ៉ា​ លាង​ ឃុន​ នោះទេ! នេះបើយោងតាមលិខិតបំភ្លឺព័ត៌មាន​ខ្ញុំមេធាវី​ ម៉ៃ​ វណ្ណាឌី​ សហជិកគណៈមេធាវី​ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ អត្តលេខ​ ៥៩៩​ ជាមេធាវី​ ការពារ​សិទ្ធិ​ និង​ តំណាងអោយឧកញ៉ា​ លាង​ ឃុន​ សូមធ្វើនូវសេចក្ដីបំភ្លឺព័ត៏មាន​ ដែលមានខ្លឹម​សារដូចខាងក្រោមនេះ៖

ដោយសារតែមាន​បណ្ដាញ​សង្គម​ និងសារព័ត៌មានមួយចំនួនបាន​បន្តធ្វើ​ការចែករំលែកនូវ​ ព័ត៌មានដែល​មិនមានមូលដ្ឋាន​ច្បាស់លាស់​ ហើយជាការផ្សព្វផ្សាយដែល​បណ្ដាលអោយប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរដល់កិត្តិ​យស​ និងសេចក្ដីថ្លៃថ្នូរ​របស់ក្រុមគ្រួសារ​ និង​ក្រុមហ៊ុន​យើងខ្ញុំ ពាក់ពន្ធ័​ និងករណីធ្វើអត្តឃាតរបស់នារីឈ្មោះ​ ឃុន​ ស្រីស្រស់​ (ឬ​Sri Nka ឈ្មោះ​ គណនីហ្វេសប៊ុក​)​ដែលបានកើតឡើងកាលពីថ្ងៃទី១១ខែមិនាឆ្នាំ២០២០​ យើងខ្ញុំសូមធ្វើការ​បកស្រាយបំភ្លឺ​ដែលមានខ្លឹមសារ​ និងមូល​ដ្ឋានដូចតទៅ៖​
១-​ការស្លាប់របស់នារី​ឈ្មោះ​ ឃុន​ ស្រីស្រស់​ដែលបានធ្វើការចោទប្រកាន់មកលើលោក​ ឧក​ញ៉ា​ លាង​ ឃុន​ នោះត្រូវបានបញ្ជាក់​ដោយអាជ្ញាធរមានសមត្ថកិច្ច​តាមរយៈការធ្វើ​កោសល្យវិច័យថា​ នារីរូបនោះ​ គឺជាការធ្វើអត្តឃាតយ៉ាងពិតប្រាកដ។
២-ករណីនេះ​ បានកើតមានឡើងកាលពីអំឡុងខែមករាឆ្នាំ២០២០ម្ដងរួចមកហើយ​ ហើយពួកយើងក៏បានដាក់ពាក្យបណ្ដឹងទៅ​អាជ្ញាធរមានសមត្ថកិច្ចពីករណីបរិហាបង្កាច់កេរ្តិ៍​ និងគំរាមកំហែងដោយមានលក្ខខណ្ឌ​ទាមទារប្រាក់ដែលបានប្រព្រឹត្តឡើងជា​ច្រើនលើកច្រើនសារដោយនារីឈ្មោះ​ ឃុន​ ស្រីស្រស់​ ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ បានដំណើរការតាមនិតិវិធី​ច្បាប់ដើម្បីដោះស្រាយបញ្ហានេះ​ដោយមាន​ការចូលរួមពីមេធាវី​ តំណាងលោកឧកញ៉ា​សារមុីខ្លួនឈ្មោះ​ ឃុន​ ស្រីស្រស់​ និងក្រុមគ្រួ​សារបងប្អូនរបស់នាងផងដែរ​ ។
៣-ក្រោយពីបានដោះស្រាយជាមួយ​ នារីឈ្មោះ​ ឃុន​ ស្រីស្រស់​ និងបានស្រាវជ្រាវ​រកឃើញការពិតសមត្ថកិច្ចក៏បានរៀបចំនូវ​ភស្តុតាងជាវីដេអូ​ ឃ្លីប​ ដែលនារីរូបនោះបាន​សារភាពកំហុស​ និងធ្វើការសុំការអភ័យ​ទោស​ នៅចំពោះមុខសមត្ថកិច្ច​ និងចំពោះ​លោកឧកញ៉ា។ដោយមានការអាណិតអាសូរ​ និងមិនចង់អោយមានបញ្ហាវែងឆ្ងាយ​ លោក​ឧកញ៉ា​ បានសម្រេចចិត្តមិនដេញដោលរឿង​នេះតទៅមុខទៀតទេ​ ហើយគិតថាបញ្ហានេះ​ត្រូវបានដោះស្រាយចប់សព្វគ្រប់រួចទៅ​ហើយ។
៤-រហូតមកដល់ថ្ងៃទី១១ខែមិនាឆ្នាំ២០២០​ក្រោយពេលដែលនារីឈ្មោះ​ ឃុន​ ស្រីស្រស់បានបង្ហោះសារ​ និងធ្វើអត្តឃាតបាន​សម្រេចរួចមក​ ស្រាប់តែមានលេខឡើងនូវ​ការចោទប្រកាន់នេះសារជាថ្មី​ តាមរយៈ​បណ្ដាញសង្គម​ និងសារព័ត៌មានមួយចំនួន​ដោយមានភ្ជាប់នូវវីដេអូឃ្លីបរបស់នារីរូប​នោះ​ និងរូបភាពមួយចំនួន​ ដែលជាឯកសារ​នៅក្នុងសំណុំរឿងចាស់​ ហើយត្រូវបាននារីឃុន​ ស្រីស្រស់​ ខ្លួនឯងបដិសេធថា​ ជាការ​មូល​បង្កាច់​ គំរាមកំហែងដើម្បីទាមទាប្រាក់ពី​លោកឧកញ៉ា(ភស្តុតាងជាវីដេអូដើម្ប​បញ្ជាក់)។

៥-តាមរយៈសេចក្ដីបំភ្លឺនេះ​ រួមជាមួយនិងភស្តុតាងយ៉ាងជាក់ច្បាស់ដែលយើងបាន​បង្ហាញ​ រួមជាមួយនិងការបញ្ជាក់អំពីអាជ្ញាធរ​មានសមត្ថកិច្ចផងនោះយើងខ្ញុំសង្ឃឹមថា​ សា​ធារណៈជននិងបានជ្រាបអំពីការពិត​ ដែល​បានកើតមានឡើងជុំវញបញ្ហានេះ។
៦-យើងខ្ញុំគោរពនូវរាល់សិទ្ធិក្នុងការបញ្ចេញ​មតិក៏ដូចជាការផ្សព្វផ្សាយព័ត៌មានទាំង​ឡាយណាជុំវិញករណីនេះ​ ប្រកបដោយវិជ្ជាជីវៈ​ និងទំនួលខុសត្រូវខ្ពស់​ ជៀសវាង​រាល់ការបន្តផ្សព្វផ្សាយ​ ព័ត៌មានទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់​ ហើយបណ្ដាលអោយប៉ះពាល់កិត្តិយស​ និងសេចក្ដី​ថ្លៃថ្នូររបស់អ្នកដទៃ​ ដែលនេះគឺជាបទល្មើស​ព្រហ្មទណ្ឌដែលអាចត្រូវបានផ្ដន្ទាទោសតាមច្បាប់។
៧-ជាចុងក្រោយនេះ​ យើងខ្ញុំសូមចូលរួមសម្ដែងការសោកស្ដាយចំពោះការបាត់បង់នេះ​ ក៏ដូចជាចូលរួមចែករំលែកនូវមរណៈទុក្ខ​ជាមួយក្រុមគ្រួសារទាំងមូលនៃសព​ ដោយ​សេចក្ដីសោស្ដាយជាទីបំផុត៕

ចែករំលែកអត្ថបទ