Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការខេត្តកណ្ដាលសម្រេចដាក់គុកនគរបាល​ស័ក្តិ៣ម្នាក់ រឿងជិះឡានបុក និងវាយពលរដ្ឋស្លូតត្រង់

(កណ្ដាល)៖ លោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២០ ម្សិលមិញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្រ្តីនគរបាលស័ក្តិ៣ នៃស្នងការដ្ឋាននគរបាលខេត្ត​កណ្តាលម្នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធរឿង ជិះឡានបុក និងវាយប្រជារាស្ត្រឲ្យរង​របួសធ្ងន់។

ជនត្រូវចោទមានឈ្មោះ ហែន លីណា អាយុ៣១ឆ្នាំ ទីលំនៅភូមិស្វាយជួ ឃុំកោះ​ខែល ស្រុកស្អាង ខេត្តកណ្តាល ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក (ស័ក្ដិ៣) បម្រើការងារនៅការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ត្រូវបានតុលាការ​ចោទប្រកាន់ពីបទ ហិង្សាដោយ​ចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា យោងតាមមាត្រា ២១៧ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឈានដល់ការប្រើហិង្សាលើពលរដ្ឋ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ នៅចំណុចផ្លូវស្អាងភ្នំ ស្ថិតក្នុងស្រុកស្អាងខេត្តកណ្ដាល។

តាមរយៈវីដេអូ ដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាព មន្ដ្រីនគរបាលបង្កខាងលើបើក​រថយន្ដម៉ាកHonda CRV ពណ៌ទឹកប្រាក់។ ដោយឡែក រថយន្ដរបស់ជនរងគ្រោះម៉ាក LexusRX330ពាក់ផ្លាកលេខភ្នំពេញ​2AX-9631។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអះអាងថា ដំបូងឡើងគេឃើញរថយន្ដរបស់ជនរង​គ្រោះបានពីមុនរថយន្ដមន្ដ្រីនគរបាល លុះ​ដល់កន្លែងកើតហេតុ​ ស្រាប់តែមន្ដ្រី​នគរ​បាល​បើករថយន្ដវ៉ាកាក់ពីមុនរថយន្ដជនរង​គ្រោះដើម្បីឲ្យឈប់។ ពេលនេះមន្ដ្រីនគរ​បាលខាងលើ បានថយរថយន្ដមកបុករថយន្ដជនរងគ្រោះ និងចុះពីលើរថយន្ដវាយទាំងកម្រោលមកលើជនរងគ្រោះតែម្ដង ទើបបង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មាន ក្រោយបង្កហេតុភាគី​ទាំងសងខាង ត្រូវបានសមត្ថកិច្ចហៅទៅសួរ​នាំ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសួរនាំ ប៉ុន្ដែនៅពេលទៅដល់កន្លែងសមត្ថកិច្ច មន្ដ្រីនគរបាលបង្កហាក់មិន​ព្រមសហការនោះទេ ហើយថែមទាំងបង្កហិង្សាមកលើសាច់ញាតិរបស់ជនរងគ្រោះបន្ថែមទៀតផង។

យ៉ាងណាមិញ សម្រាប់សកម្មភាពទាំងអស់នេះ ត្រូវបានជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងចំនួន ២ករណីតែម្ដង ដោយទី១៖ បណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍ និងទី២៖ បណ្ដឹងរឿងបង្កហិង្សា៕