Sunday, September 27, 2026
Latest:
សន្តិសុខ​សង្គម

ប្ដីចិត្តកំណាចចាក់សាំងដុតប្រពន្ធឆេះរលួយពេញខ្លួនរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវអតីតប្តីចិត្តកំណាចយក​សាំងចាក់ស្រោចលើខ្លួនដុតបណ្តាលឲ្យឆេះរលាកពេញខ្លួនរងរបួសធ្ងន់

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១រសៀលថ្ងៃទី១៩ ខែ​មករាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ បូ ស្រីណែត ភេទ​ស្រីអាយុ២៩ឆ្នាំ មុខរបរ​ កម្មការនីរោងចក្រ  មានស្រុក​កំណើត ភូមិបឹងង៉ោង ឃុំទឹកល្អក់ ស្រុកគង​ពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកអតីត​លោកប្តី​ ចិត្ត​កំ​ណាចឃោគឃៅមានឈ្មោះ វង់ ចាន់សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិត​ប្រាកដ ស្នាក់នៅកន្លែងកើតហេតុ​ ​ស្រុក​កំណើត​ ឃុំក្រញ៉ូង ស្រុកស្វាយទាប ខេត្ត​ស្វាយរៀងអ្នក​ទាំងពីរមានកូនស្រី២នាក់​ ។

យោងតាមសម្ដីសាច់ញាតិ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាបានរយៈពេលជាង៧ឆ្នាំមកហើយ និងមានកូនស្រី២នាក់ជា​ចំណងដៃ​ ហើយមានមុខរបរធ្វើការរោងចក្រនិងលក់បាយ ម្ហូបនៅមុខរោងចក្រ​ផង ។

ប្រភពបន្តថាដោយសារតែការរស់នៅមិនចុះ​ សម្រុងនិងគ្នា ប្តីប្រពន្ធ​ នេះបានស្ម័គ​ចិត្តរៀង​ខ្លួន ទៅអាជ្ញាធរ សុំលែងលះគ្នាដោយ​សន្តិវិធី ឯកភាពយកកូនមួយម្នាក់កូនច្បងរស់​នៅ​ជាមួយប្តី កូនប្អូនរស់នៅជាមួយប្រពន្ធ ដោយ​ចែកផ្លូវគ្នាដើររៀងខ្លួន​ អស់រយៈពេលជាង​១​ខែ​មកហើយ អតីតប្រពន្ធទៅរស់នៅឯ​ស្រុក​វិញ លុះមកដល់រសៀលថ្ងៃកើតហេតុ​ ភាគីខាងអតីតប្រពន្ធ ឌុបកូនស្រី និងប្អូនស្រីតូច​ម្នាក់​ទៀត ទៅផ្ទះជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោអាវ ផ្ទាល់ខ្លួនដែល​នៅ​សេសសល់ លុះមកដល់ស្រាប់តែអតីតប្តីខឹង ស្ទុះទៅទាញដបសាំងចាក់ស្រោចលើខ្លួន រួចដុតតែម្តង បណ្ដាលឆេះរលាករលួយពេញខ្លួនប្រាណ ហើយបានយកលុយនិងទូរស័ព្ទ រត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយកើតហេតុដោយសារស្ត្រីរងគ្រោះ​នៅមាន​ស្មារតី​ រឹងមាំបានជិះម៉ូតូទៅឲ្យពេទ្យជួយជាចំណែកប្អូនស្រីជិះម៉ូតូឌុប ទៅតាមឪពុក និងក្រុមគ្រួសារនៅឯស្រុកមកជួយ រហូតដល់ល្ងាចថ្ងៃដដែល ទើបជនរងគ្រោះជិះម៉ូតូកង់បី មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ​បាលចោម​ចៅ៣ តែដោយស្ថានភាព​របួសធ្ងន់ធ្ងរពេក នៅវេលា​ម៉ោង​ជាង៥ល្ងាចថ្ងៃដដែល ក្រុមគ្រួសារបានសុំអន្តរាគមន៍ ពី​កម្លាំងអង្គភាព៧១១​ ចេញរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអតីតប្ដី​ស្ត្រីរងគ្រោះធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ រឿងប្រើហឹង្សាក្នុងគ្រួសារ វាយប្រពន្ធឲ្យមានរបួស​ស្នាមនិងប្រើប្រាស់គ្រឿងញៀន លុះចេញមកវិញ មិនរាងចាល នៅតែវាយនិង​ដុតប៉ងសម្លាប់ប្រពន្ធទៀត ។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យដែលប៉ុនប៉ងមនុស្ស​ឃាត​ យកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប៕

ចែករំលែកអត្ថបទ