Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

អគ្គីភ័យឆេះបំផ្លាញតូបលក់ដូររបស់ប្រជាពល​រដ្ឋ​នៅ​ក្រោយផ្សារលើក្រុងព្រះសីហនុអស់ជាច្រើនតូប

ព្រះសីហនុ៖​ តូបលក់ដូរផ្លែឈើ​ និងទំនិញ​ផ្សេងៗរបស់ប្រជាពលរដ្ឋ​ នៅខាងក្រោយផ្សារលើក្រុងព្រះ​សីហនុ​ ត្រូវបានអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោ​សន្ធៅបង្កការភ្ញាក់​ផ្អើលយ៉ាងខ្លាំងកាលពី​វេលា​ម៉ោង៩និង៣០​នាទី​ព្រឹកថ្ងៃ៣១ខែ​តុលា​ ឆ្នាំ២០១៩​ នៅចំណុចខាងក្រោយផ្សារ​លើ​ ស្ថិត​ក្នុងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច​ បានឲ្យដឹងថា​ ខណៈ​ មានករណី​អគ្គីភ័យឆាបឆេះកើតឡើង​ភ្លាមៗក្រុមរថយន្ត​ ពន្លត់​អគ្គិភ័យ​ ជា​ច្រើនគ្រឿងបានចេញអន្តរាគមន៍ជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់​និង​​ញាប់ជើងញាប់ដៃ​ រហូតដល់ម៉ោង​១២​និង​៣០នាទីរសៀលថ្ងៃដដែលទើបរលត់​ទៅ​វិញទាំងស្រុង​ ។
សមត្ថកិច្ចបន្តថា​ ក្នុងប្រតិបត្តិការណ៍អន្តរាគមន៍​ ពន្លត់អគ្គីភ័យនោះកម្លាំងជំនាញ​បាន​ប្រើ​ប្រាស់រថយន្ត​ពន្លត់អគ្គីភ័យចំនួន៨គ្រឿង​ដើម្បីបាញ់ពន្លត់​ រួម​ ៖​ រថយន្តពន្លត់អគ្គីភយ័​របស់ស្នងការនគរបាលខេត្តព្រះសីហនុចំនួន​២គ្រឿង​,រថយន្តពន្លត់អគ្គីភ័យ​ កងរាជអាវុធ​ចំនួន២គ្រឿង​,រថយន្តពន្លត់អគ្គីភ័យ​ កំពង់ផែ​ ស្វយ័តក្រុងព្រះសីហនុ២គ្រឿង,និង២គ្រឿង​ ទៀតមកពីអង្គភាព​ ង​ ៧០០​ ។ ចំណែកទំហំ​នៃការខូចខាតសមត្ថកិច្ចជំនាញមិនទាន់សន្និដ្ឋានបាននៅឡើយ​ ។

ក្នុងប្រតិបត្តិការ​ណ៍ជួយអន្តរាគមន៍បាញ់ពន្លត់​ គ្រោះអគ្គីភ័យនោះ​ គេបានសង្កេតឃើញ​ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:​អភិ​បាលខេត្តព្រះសីហនុ បានអញ្ជេីញចុះទៅជួយអន្ដរាគមដល់ទីតាំងកន្លែងកើតហេតុផងដែរ​ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលជា​អាជីវករ​ នៅក្បែរកន្លែងកើតហេតុបានឲ្យ​ដឹងថា អគ្គីភ័យនេះ​ បណ្តាលមកពីការផ្សារដែករបស់ក្រុមជាងដែលជុលជួលតូប ផ្នែកតំបូល​ ហើយបានធ្លាក់កម្ទេចភ្លើងមកប៉ះក្រដាស និងជ័រដែលនៅខាងក្រោមទើបបណ្តាលឲ្យមានការឆាបឆេះជាអណ្តាតភ្លើងតែម្ដង​ ។

តែទោះជាយ៉ាង​ ជុំវិញករណីអគ្គីភ័យនេះមិនបង្កអោយមានមនុស្សរងរបួសនោះទេហើយ​ សមត្ថកិច្ច​ជំនាញមិនទាន់សន្និដ្ឋានថា​ បង្ក​មក​ពីអ្វីឲ្យពិតប្រាកដ​នៅឡើយទេ​ កំពុងធ្វើការ​ស្រាវជ្រាវបន្ត​ ៕

ចែករំលែកអត្ថបទ