Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អតីតប៉ូលិសអន្តរាគមន៍ម្នាក់និងបក្ខពួក៤នាក់​ទៀតត្រូវតុលាការកាត់ទោសរឿងប្លន់ប្រដាប់​អាវុធ

ភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ បានបើកវសនាការកាត់ទោសមនុស្សប្រុសស្រី ៥នាក់ ពាក់ព័ន្ធករណី ប្លន់ប្រដាប់អាវុធ ចំនួន ២លើក។

លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់៖
-ករណីទី១៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនា ភេទប្រុស,ឈ្មោះ​ស៊ន់ សេរីវិចិត្រ និងឈ្មោះ ហៀង ស្រីដែត ភេទស្រី ពីបទ លួចមាន​ស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកម៉ូតូ ZOOMER X ពីជនរងគ្រោះនៅក្នុងទឹកដី​សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-និងករណីទី២៖ ឈ្មោះ លន់ ស៊ីវថេង ភេទប្រុស អតីតប៉ូលិសអន្តរាគមន៍,ឈ្មោះ ផេង យុទ្ធនាភេទប្រុសនិងឈ្មោះ គង់សុវណ្ណ ភេទប្រុស បទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ក្នុងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងហាងអ៊ីនធឺណេតមួយកន្លែង​នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងសវនាការក្រុុមជនជាប់ចោទ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូច​ការចោទប្រកាន់របស់តុលាការពិតប្រាកដមែន។

គួររម្លឹកថា ក្រុមជនជាប់ចោទ ត្រូចកម្លាំងនគរបាលព្រហ្មទណ្ឌស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៩។

ក្រោយបញ្ចប់ការសាកសួរដេញដោល តុលាការ​បានសម្រេចលើកពេលប្រកាស​សាលក្រមសំណុំរឿងទាំង ២នេះទៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ខាងមុខ៕

ចែករំលែកអត្ថបទ