Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិ

អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពល​រដ្ឋ រស់នៅតាមបណ្តោយស្ទឹងសែន​ ត្រូវមាន​ការប្រុងប្រយ័ត្ន ខ្ពស់​ ចំពោះទឹកជំនន់

កំពង់ធំ៖​ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាស និង​អំពាវឱ្យប្រជាពល​ រដ្ឋទាំងអស់ មានការ​ប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅការត្រៀម​ខ្លួន និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួល​មានសុវត្ថិភាព ជាពិសេស ប្រជាពល​រដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែនត្រូវមាន​ការ​ ប្រុងប្រយ័ត្ន ចំពោះការបាក់ស្រុតផ្ទះសំបែង ជាយថាហេតុ ដែលមាន​សាងសង់នៅគៀកនៅតាមមាត់ស្ទឹងសែនតែម្តង។ ស្ថានីយ៍វាស់កម្ពស់ទឹកធំៗ ចំនួនពីរកន្លែង នៅក្នុងខេត្តកំពង់ធំ គឺស្ថានីយ៍ស្រុកសណ្តាន់ និងស្ថានីយ៍កំពង់ធំ កើនឡើងលើសកម្ពស់ប្រកាសឱ្យមានការប្រុងប្រយ័ត្ន។

តាមសេចក្ដីរាយការណ៍ ពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ បានឱ្យដឹងថា​ គិតមកដល់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩​ ថាទឹកជំនន់ស្ទឹងសែន​ បានហូរចូល ទៅកាន់ភូមិ និងតំបន់ដីកសិកម្មរបស់ប្រជាពលរដ្ឋចំនួន៥ស្រុក​ គឺស្រុកកំពង់ស្វាយចំនួន​០២ឃុំ គឺ(ឃុំព្រៃគុយ និងឃុំកំពង់ស្វាយ) ស្រុកសណ្តាន់ ចំនួន៤ឃុំ​ (ឃុំមានជ័យ, ឃុំឈើទាល,ឃុំងន និងឃុំក្លែង)ស្រុកប្រាសាទ​សំបូរ ចំនួន​៥ឃុំ គឺ(ឃុំឈូក, ឃុំតាំងក្រសៅ, ឃុំគោល,ឃុំសំបូរ និងឃុំស្រើង)ស្រុកស្ទោង ចំនួន​៣​ឃុំ គឺ(ឃុំម្សារក្រង​ ឃុំសំព្រោច និងឃុំបន្ទាយ​ស្ទោង) និងក្រុងស្ទឹងសែន ចំនួន០៤​សង្កាត់ មាន(សង្កាត់កំពង់ក្របៅ, សង្កាត់​ព្រៃតាហ៊ូ,សង្កាត់ស្រយ៉ូវ និងសង្កាត់អូរគន្ធរ)

លោក យ៉ូវសេងគុណ ប្រធានរដ្ឋបាលសាលា​ ខេត្តកំពង់ធំ បញ្ជាក់ថា​ ទឹកជំនន់បាន​វាយប្រហារទៅលើស្រុកចំនួន៥ ក្នុងខេត្ត បណ្តាលមានផលប៉ះពាល់លិចផ្លូវ គ្រួស​ក្រហមនិងផ្លូវដីសប្រវែង៨២២៨ម៉ែត្រ លិចទីធ្លាសាលារៀនចំនួន១៧កន្លែង លិចប្រព័ន្ធធារា​សាស្ត្រ ប្រឡាយមេ ៤កន្លែង សរុបប្រវែង​៧៩៥៥ម៉ែត្រ ប្រឡាយរង ៣កន្លែង ប្រវែង​២៧៣៥ម លិចទំនប់ទឹក៤កន្លែង ១២៥០ម និងប៉ះពាល់ស្រូវរដូវវស្សា ចំនួន៤ស្រុក ក្រុង១ មានឃុំសង្កាត់ចំនួន១៨សរុប១៤៧៣ហិតា ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១០៣៦គ្រួសារ។
ឧបទ្ធវហេតុផ្សេងៗគ្រោះអគ្គីភ័យចំនួន៣​ ​លើកលង់ទឹកស្លាប់២នាក់ រន្តះបាញ់១នាក់ ខ្សែភ្លើង ឆក់២នាក់ ពលរដ្ឋ៤០៦គ្រួសារ បានធ្វើការជំលៀសមកកាន់ទីទួលសុវត្ថិភាព ក្រុមការងាររបស់អាជ្ញាធរខេត្តបានចុះចែក​សម្ភារប្រើប្រាស់ និងសួរសុខទុក្ខដោយផ្ទាល់បានចំនួន២០៦គ្រួសារ ព្រមទាំងបន្តចុះសួរសុខទុក្ខ ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កំពស់ទឹកស្ទឹងសែន នៅស្ថានីយ៍កំពង់ធំ មាន​កម្ពស់១៣.៥៥ម៉ែត្រ​ លើសកម្ពស់ប្រុងប្រយ័ត្នចំនួន០.០៥ម៉ែត្រ និងស្ថានីយ៍ស្រុក​សណ្តាន់ មានកម្ពស់ទឹក១៩.២២ម៉ែត្រ លើសកម្ពស់ប្រុងប្រយ័ត្នចំនួន០.៧២ម៉ែត្រ។ កម្រិតប្រៀបធៀប កម្ពស់ទឹកប្រចាំឆ្នាំនៅឆ្នាំ២០១៨ ចំនួន១២.៧៦ម៉ែត្រ និងឆ្នាំ២០១៩ មានកំពស់ ១៣.៥៥ម៉ែត្រ មានការកើនឡើងជាងឆ្នាំមុនចំនួន០.៦៤ម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមបង្កាសម្ភារៈសម្រាប់ជួយសង្គ្រោះ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរកទីទួលសុវត្ថិភាព ដោយមានការប្រុងប្រយ័ត្នខ្ពស់ រស់នៅត្រូវមានអនាម័យល្អ​ ៕