Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យដែលធ្វើសម្មភាពសម្លាប់មនុស្សដោយប្រើដំបងដែកជ្រុងវាយទៅលើជនរងគ្រោះក្នុងសង្កាត់ទួលស្វាយព្រៃ២នោះចាប់បានហើយ

ភ្នំពេញ៖ ដោយមានការសហការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ឌីម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ដែលបានប្រព្រឹត្តបទល្មើស ឃាតកម្ម (វាយនឹងដំបងដែកជ្រុងបណ្តាលអោយជនរងគ្រោះស្លាប់) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី នៅចំណុច ផ្ទះលេខ១៤៣ ផ្លូវ២៨៦ ក្រុមទី ៤៧ ភូមិ ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ពេលជនរងគ្រោះកំពុងអង្គុយចុចទូរសព្ទលេង ក៏ស្រាប់តែជនសង្ស័យ បានដើរមកពីក្រោយ យក ដំបងដែកជ្រុង វាយក្បាលជនរងគ្រោះពីក្រោយ បណ្ដាលឱ្យបែកចេញឈាមដួលសន្លប់ ហើយសង្ស័យក៏បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យវិសាលសុខ រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយបន្តទៅប្រទេសវៀតណាម រួចក៏ស្លាប់បាត់បង់ជីវិតនៅប្រទេសវៀតណាម ហើយក៏ត្រូវបានដឹកត្រឡប់មកវិញយកទៅធ្វើបុណ្យនៅឯខេត្តតាកែវ ។​

រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០១:៣០នាទីរសៀល ក្រុមប្រតិបត្តិការចម្រុះរួមមាន នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ នគរបាលខណ្ឌចំការមន សហការជាមួយ នគរបាលស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យ នៅចំណុចខាងត្បូងភ្នំយាយសំ ភូមិទួលពង្រ ឃុំទួលពង្រ ខេត្តបន្ទាយមានជ័យ ។

គួររំលឹកផងដែរថា ជនរងគ្រោះឈ្មោះ ផុន សាលីន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ បុគ្គលិកហាងថតរូបល្អពេញចិត្ត ។ ជនរងគ្រោះនិងជនសង្ស័យ ស្នាក់នៅផ្ទះកើតហេតុជាមួយគ្នា ហើយមូលហេតុដែលជនសង្ស័យវាយជនរងគ្រោះបណ្ដាលឲ្យស្លាប់ សមត្ថកិច្ចបានប្រាប់ថាគឺដោយសារជនសង្ស័យប្រច័ណ្ឌ ជនរងគ្រោះជាមួយនឹងប្រពន្ធរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ។

ចែករំលែកអត្ថបទ