Sunday, November 10, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងមហាផ្ទៃ​ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើត​នគរ​បា​លជាតិកម្ពុជា

ភ្នំពេញ​ ៖​ សម្តេចក្រឡាហោម ស ខេង ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ ណាចក្រកម្ពុជាអញ្ជើញជាអធិបតី ក្នុងពិធី​រំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃកំណើត​នគរបាលជាតិកម្ពុជា(១៦ឧសភាឆ្នាំ១៩៤៥​-១៦ ឧសភា ២០១៩)នាព្រឹកថ្ងៃព្រហស្បតិ៍​១៣កើតខែ​ពិសាខឆ្នាំកុរ ឯកស័ក ព.ស២៥​៦២ត្រូវនឹងថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នៅទី​ស្តីការ​ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ផងដែរ។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរ​បាល​ជាតិ​ បានបញ្ជាក់ថា​ ការដែល​ក្រសួង​ មហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំនេះ គឺ​ដើម្បីរំលឹកនូវគុណូបការៈរបស់អតីតនគរ​បាល​ជំនាន់មុន និងក៏ជាការបង្ហាញនូវវីរៈភាព របស់នគរបាលជំនាន់មុនប្រាប់ដល់នគរ​បាល​ជំនាន់ក្រោយផងដែរ។ អគ្គស្នងការរង​នគរបាលជាតិរូបនេះ បានលើកឡើងទៀតថា មន្ត្រីនគរបាលជាតិ រួមទាំងថ្នាក់ដឹកនាំពី​ជំនាន់មុន និងជំនាន់បច្ចុប្បន្ន បានចូលរួមពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាព​សង្គម រួមសហការគ្នាទប់ស្កាត់ បានរាល់ការ​ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម ហើយបានបញ្ចៀសនូវសកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្ម ឆ្លងដែន និងការពារពិធីបុណ្យជាតិ-អន្តរជាតិ ជាច្រើនប្រកប​ដោយ​សុវត្ថិភាព ជាពិសេសការពារបាននូវរាជរដ្ឋាភិបាលស្របច្បាប់ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ និងគណៈប្រតិភូអន្តរជាតិផងដែរ។ ក្រៅពីជួយការពារ និងថែរក្សាសុវត្ថិភាព សុខសន្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល កងកម្លាំងនគរបាលទូទាំងប្រទេស ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយផ្សេងៗផងដែរ។

ជាការកត់សម្គាល់ការរៀបចំធ្វើពិធីរំលឹកខួបលើកទី៧៤ឆ្នាំនេះ ក្រសួងមហាផ្ទៃ ធ្វើឡើងមានលក្ខណៈធំជាងពេលមុនៗ ដោយមានការ​តាំងពិព័រណ៍នូវរូបថត អនុស្សាវរីយ៍ជា​ច្រើន នៃសកម្មភាពរបស់នគរបាលគ្រប់រាជធានី-ខេត្ត និងនាយកដ្ឋាននានា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃផងដែរ ៕