បុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌាបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនដោយក្រមាជាប់និងដែកក្នុងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ជាប់នឹងដីឡូត៍មួយកន្លែង ខាងក្រោយធនាគារABA ចុះពីផ្លូវជាតិលេខ6Aប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ នុត សារុំ ភេទប្រុស អាយុ៤០ឆ្នាំមានប្រពន្ធនិងកូនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ស្នាក់នៅបន្ទប់ជួលក្រោយវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។
បើតាមការរៀបរាប់ពីក្មេងស្រីម្នាក់បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ១០និង ៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០រូបគាត់បានធ្វើដំណើរទៅរកទិញមីយកម្ហូប លុះដើរមកដល់ចំណុចកើតហេតុខាងលើក៏ប្រទះឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿងចោលនៅកន្លែងទីងងឹត ដោយរូបគាត់ក៏មានការសង្ស័យបានដើរទៅក្បែរអើតមើលស្រាប់តែឃើញបុរសម្នាក់ចងកនឹងក្រមាភ្ជាប់ជាមួយដែកដំបូលម៉ូតូកង់បីឥណ្ឌាស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៩ខែឆ្នាំដដែល។រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកើតហេតុខាងលើរួចខ្សែ កហ៊ុំព័ទ្ធជំវិញ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញចុះមកធ្វើការកោសល្យវិច្ច័យ ក្រោយពីជំនាញធ្វើកោសល្យវិច្ច័យរួចរាល់ហើយបានប្រាប់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕