Wednesday, January 15, 2025
Latest:

ប្រជាពលរដ្ឋជាច្រើនគ្រួសារកើតទុក្ខមិនសុខចិត្តនឹងសេវាផ្គត់ផ្គង់ទឹកស្អាត ព្រែកតាមាក់

យោងតាមការជូនដំណឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាពេលថ្មីៗនេះ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវជាតិ ផ្លូវក្នុងក្រុង ផ្លូវលំនានា ក្រោមគម្រោងមួយចំនួនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើអោយមានផលប៉ះពាល់ចំពោះប្រតិបត្តិករទឹកស្អាតសាធារណៈ រួមទាំងអាជីវកម្មទឹកស្អាតឯកជន ដែលទទួលរងការខូចខាត ដូចជាការដាច់បណ្តាញបំពង់ទុយោទឹក ដែលជាហេតុបង្កអោយមានភាពរអាក់រអួលក្នុងការផ្គត់ផ្គង់ទឹកស្អាតជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទើបធ្វើអោយមានការរៀបចំបណ្តាញបំពង់ទុយោទឹកសារជាថ្មី ដែលហេតុធ្វើអោយប្រជាពលរដ្ឋជាច្រើនគ្រួសារទទួលយកមិនបាននៅសេវាកម្មរបស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតព្រែកតាមាក់ ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលរស់នៅក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រាប់សារព័ត៌មានយើងថា ៖ ពាក់ព័ន្ធនឹងបញ្ហាកើតទុក្ខមិនសុខចិត្តខាងលើគឺ ដោយសារតែអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតព្រែកតាមាក់ តំរូវអោយប្រជាពលរដ្ឋបង់ថ្លៃកែប្រែកុងទ័រទឹកចំនួន 50$ ដែលជាកុងទ័រទឹកចាស់របស់ប្រជាពលរដ្ឋមានស្រាប និង 80$ សំរាប់ប្រជាពលរដ្ឋដែលដាក់នៅកុងទ័រទឹកថ្មី។ លោកបានបន្តទៀតថា៖ ជារៀងរាល់ខែលោកតែងតែបង់នៅសេវាកម្មប្រើប្រាស់ទឹកគឺជារឿងធម្មតាទេ តែនេះត្រូវបង់សេវាកម្មថែទាំកុងទ័រក្នុង១ខែ 800៛ នឹងសេវាកម្មវឹង ៧០០៛ ព្រោះយកវិក័យប័ត្រទៅបង់ដល់កន្លែងហើយមិនព្រមទទួល បែបជាអោយទៅបង់នៅសេវាកម្មវឹងវិញ ដោយសារតែកូនរបស់ម្ចាស់អាជីវកម្មទឹកស្អាតរូបនេះបើកសេវាកម្មវឹង នេះបានចំជាត្រីងៀតឆ្លៀតពងដូចពាក្យចាស់លោកថាមែន។ ដោយសារតែបញ្ហាកូវីដធ្វើអោយប្រជាពលរដ្ឋពិបាកប្រកបមុខរបបចិញ្ចឹមក្រពះ ក៏ដូចជាការងារផ្សេងៗ ដែលហេតុធ្វើអោយមានការខ្វះខាតក្នុងជីវភាព ទើបគ្មានលទ្ធភាពបង់នូវសេវាកម្មនេះ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រជាពលរដ្ឋដែលរស់នៅ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ សូមស្នើសុំអោយលោកអភិបាលស្រុកខ្សាច់កណ្តាល និង មន្ត្រីមូលដ្ឋានជួយដោះស្រាយជូនពួកគាត់ផង ជាពិសេសសំណូមពរអោយម្ចាស់អាជីវកម្មទឹកស្អាតព្រែកតាមាក់ ជួយបន្ធូរបន្ថយតំលៃទៅតាមអ្វីដែលអាចធ្វើទៅបាន និងលុបចោលនៅតំលៃថែទាំកុងទ័រទឹក ហើយទទួលយកវិក័យប័ត្រតាមធម្មតាវិញ ។ សារព័ត៌មានយើងខ្ញុំនឹងទទួលការបកស្រាយពីម្ចាស់អាជីវកម្មទឹកស្អាតរាល់ម៉ោងធ្វើការ។